បរទេស៖ កីឡាករសញ្ជាតិអាហ្សង់ទីន Missi កំពុងបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួន ចំពេលដ៏ស័ក្តិសមសម្រាប់ក្លិប Inter Miami ដែលអាចត្រួសត្រាយផ្លូវ ឱ្យក្រុមម្ចាស់រហស្សនាម Herons មួយនេះក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ពីររដូវកាលជាប់ៗគ្នា (Back-to-back cup champions)។ គូប្រជែងពានរង្វាន់ MLS Cup របស់ Inter Miami គួរតែមានការប្រុងប្រយ័ត្នខ្ពស់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
វាពិតជាពិបាកក្នុងការសន្និដ្ឋានថាតើ Lionel Messi មានសំណាងឬក៏អត់ ។ ប៉ុន្តែនោះប្រហែលជាចំណុច សំខាន់នៃសាច់រឿង។ នៅពេលដែលគាត់បានលោតឡើង នៅចន្លោះខ្សែការពារពីររូបរបស់ក្រុម New England Revolution ដើម្បីតែតបាល់ ដែលកំពុងអណ្តែតវិលវល់ក្នុងអាកាស វាហាក់ដូចជា Messi កំពុងព្យាយាមតែតទម្លាក់បាល់ នោះសម្រាប់ខ្លួនឯង។ វាហាក់ដូចជាសកម្មភាពដ៏អស្ចារ្យមួយក្នុងចំណោមសកម្មភាពដែលជាអត្តសញ្ញាណរបស់គាត់ ជាពន្លឺនៃភាពប៉ិនប្រសព្វ និងជាការប៉ះបាល់ដែលគ្មាននរណាម្នាក់នឹកស្មានដល់។
ផ្ទុយទៅវិញ បាល់នោះបានផ្លាតទៅក្រោយ ជ្រុះចេញពីក្បាលរបស់កីឡាករអាហ្សង់ទីនរូបនេះ ហើយធ្លាក់យ៉ាងល្អទៅចំផ្លូវរបស់កីឡាករ German Berterame ដែលបានលោតតែតបញ្ជូលទីយ៉ាងសម្រេច។ “ការបញ្ជូនបាល់ (Assist)” នោះបានធ្វើឱ្យការប្រកួតប្រជែងប្រចាំតំបន់ Eastern Conference របស់ក្រុម Miami ជាមួយនឹងក្រុម New England តាមស្មើ ១ ទល់នឹង ១។ ក្រោយមក គ្រាប់បាល់ទីពីរដ៏អស្ចារ្យ ដែលលើកនេះជាទម្រង់នៃការស៊ុតបញ្ចូលទី បានផ្តល់ជ័យជម្នះយ៉ាងស្ថាពរដល់ក្រុម Herons។
ផ្អែកលើទម្រង់លេងនេះ យើងបានឈានចូលដល់ដំណាក់កាលមួយដែលអាចត្រូវបានពិពណ៌នាថាជា “ពេលវេលាដ៏គួរឱ្យខ្លាច (Scary hours)” ប៉ុណ្ណោះ។ មានពេលខ្លះដែល Messi ធ្វើចលនាហួសពីសមត្ថភាពបាល់ទាត់ របស់មនុស្សធម្មតា នៅពេលដែលកីឡាករអាហ្សង់ទីន ដ៏ឆ្នើមរូបនេះក្លាយជាអ្វីមួយផ្សេងទៀត ពោលគឺឈានដល់កម្រិតនៃវេទមន្ត ដែលមិនអាចពន្យល់បានតាមបែបវិទ្យាសាស្ត្រ ឬយល់បានដោយងាយនោះឡើយ។ កាលពីមុនមានគ្រាប់បាល់ទល់នឹងក្រុម Real Madrid ដែលការបញ្ជូនបាល់ធម្មតារបស់ Sergio Busquets បានក្លាយជាការអូសបាល់ឆ្លងកាត់ខ្សែការពារដ៏ល្អបំផុតទាំងប្រាំនៅលើពិភពលោក។ ម្យ៉ាងទៀត ក៏មានការបញ្ជូនបាល់ទល់នឹងក្រុមជម្រើសជាតិហូឡង់ ដែល Messi បានបញ្ជូនបាល់មួយ ទោះបីជាសូម្បីតែគាត់ផ្ទាល់ក៏មើលមិនឃើញគោលដៅពិតប្រាកដក៏ដោយ។
សព្វថ្ងៃនេះ វាជារឿងមួយផ្សេងទៀត។ នេះគឺជា Messi ដែលពោរពេញ ដោយការប្រឹងប្រែងខ្ពស់។ នេះគឺជាប្រភេទកីឡាករ ដែលចូលសង្កត់ (Presses) រត់ឥតឈប់ និងប្តេជ្ញាស្វែងរកជ័យជម្នះដោយឆន្ទៈខ្លួនឯង។ ទោះបីជាសមត្ថភាពកាយសម្បទាមានការថយចុះ ហើយកម្លាំងជើងលែងសូវរហ័សរហួនដូចមុនក៏ដោយ សូមស្វាគមន៍មកកាន់ Leo ដែលបាន “ដកហ្វ្រាំងដៃចេញ” ព្រោះនេះជាពេលដែលរាល់ចន្លោះប្រហោង និងចំណុចខ្សោយនៅក្នុងក្រុមទាំងមូល ត្រូវបានគេបំភ្លេចចោល ទាំងស្រុង ដោយសារតែភាពអស្ចារ្យ នៃកីឡាករបាល់ទាត់ដ៏ឆ្នើមតែមួយរូបនេះ។
ប្រែសម្រួល៖ គីរី
