កីឡា

លោក Tashima ប្រធានកិត្តិយស សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ទទួលបានការគាំទ្រពី UEFA ដើម្បីប្រកួតប្រជែង តំណែងប្រធាន FIFA ជាមួយលោក Infantino

​បរទេស៖ អំណាចគ្រប់គ្រងយ៉ាងរឹងមាំ របស់លោក ជាននី អ៊ិនហ្វានទីណូ (Gianni Infantino) លើវិស័យបាល់ទាត់ ពិភពលោក កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់បំផុតមិនធ្លាប់មាន ខណៈដែលបេក្ខជនលេចធ្លោមក ពីអាស៊ីមួយរូបត្រៀមខ្លួនចូលរួមប្រកួតប្រជែងដណ្តើមតំណែងប្រធានស្ថាប័ន FIFA ។ លោក កូហ្សូ តាស៊ីម៉ា (Kozo Tashima) ប្រធានកិត្តិយសនៃសហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានប្រកាសជាផ្លូវការនូវចេតនា របស់ខ្លួនក្នុងការឈរឈ្មោះសម្រាប់តំណែងកំពូលក្នុងពិភពបាល់ទាត់មួយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥  ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

នៅក្នុងសកម្មភាពមួយដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទីស្នាក់ការកណ្តាលក្នុងទីក្រុងហ្សូរីច (Zurich) លោក Tashima បានបញ្ជាក់ពីចេតនារបស់លោកក្នុងការឈរឈ្មោះជាប្រធាន FIFA ។ មន្ត្រីកីឡាបាល់ទាត់ជប៉ុនរូបនេះបានក្លាយជាអ្នកប្រកួតប្រជែងដ៏មានសក្តានុពលបំផុតចំពោះលោក Infantino ដែលបានក្តោបក្តាប់អំណាចគ្រប់គ្រងបាល់ទាត់ពិភពលោកតាំងពីឆ្នាំ២០១៦ មក។ លោក Tashima គឺជាបុគ្គលទីពីរដែលបានប្រកាសបេក្ខភាពរបស់ខ្លួន មុនកាលកំណត់ដ៏សំខាន់នៅថ្ងៃទី១៨ ខែវិច្ឆិកា បន្ទាប់ពីអតីតខ្សែការពារក្លិប Tottenham លោក Ramon Vega ។

​ខណៈពេលដែលការឈរឈ្មោះ របស់លោក Vega នៅតែមានភាពមិនច្បាស់លាស់ ដោយសារលក្ខខណ្ឌតម្រូវ ឱ្យមានការតែងតាំងពីសមាគមសមាជិក ចំនួន ៥ នោះ លោក Tashima ត្រូវបានគេរំពឹងថានឹងមិនមានការលំបាក ក្នុងការស្វែងរកការគាំទ្របែបនេះទេ។ អតីតកីឡាករអន្តរជាតិជប៉ុនរូបនេះ គឺជាបុគ្គលដែលទទួលបានការគោរពយ៉ាងខ្លាំងនៅក្នុងវិស័យកីឡានេះ ហើយត្រូវបានគេជឿជាក់ថាទទួលបានការគាំទ្រជាយុទ្ធសាស្ត្រពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ផងដែរ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបមួយនេះ មានការខកចិត្តកាន់តែខ្លាំងឡើងចំពោះការដឹកនាំរបស់លោក Infantino ជាពិសេសបន្ទាប់ពីមានសំណើដ៏ចម្រូងចម្រាសមួយក្នុងការលក់ភាគហ៊ុននៃសិទ្ធិពាណិជ្ជកម្មរបស់ FIFA កាលពីដើមឆ្នាំនេះ។

​ថ្លែងប្រាប់កាសែតជប៉ុន Sports Nippon លោក Tashima បានបង្ហាញពីចក្ខុវិស័យ របស់លោកសម្រាប់ អនាគតរបស់ស្ថាប័ននេះ។ លោកបានពន្យល់ថា៖ “ខ្ញុំមានអំណរគុណដែលខ្ញុំអាចធ្វើការប្រកាសនេះ ដោយទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពី សហព័ន្ធកីឡាបាល់ទាត់ជប៉ុន។ វាមិនមែនជារឿងឈ្នះ ឬចាញ់នោះទេ ប៉ុន្តែវាជាការបង្ហាញទៅកាន់ពិភពលោកនូវអាកប្បកិរិយាស្មោះត្រង់ ត្រឹមត្រូវ និងទៀងត្រង់ ដែលវិស័យបាល់ទាត់ជប៉ុន បានកសាងឡើង។ អ្វីដែល FIFA ត្រូវការនៅពេលនេះ គឺគុណតម្លៃទាំងនេះឯង ដែលយើងតែងតែបានការពារ។ ខ្ញុំបានសម្រេចចិត្តឈរឈ្មោះ ដើម្បីធ្វើការអំពាវនាវនេះទៅកាន់ពិភពលោក”។

ប្រែសម្រួល៖ គីរី

Most Popular

To Top