ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូITF ចំនួន ១៥៦ រូប លើប្រភេទកីឡាតេក្វាន់ដូITF បានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ និងការប្រកួតកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាគារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា។

លោក ប៉ាល់ ជីវ័ន្ត គណៈបច្ចេកទេសរបស់សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជាបានប្រាប់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាតេក្វាន់ដូITF ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ និង និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ មានគ្រូបង្វឹក និងកីឡាករ-កីឡាការិនីមានចំនួន ១៥៦ នាក់ក្នុងនោះគ្រូបង្វឹកចំនួន២៣ នាក់ កីឡាករ ៨៤ នាក់ និងកីឡាការិនី ៤៩ នាក់ ។

លោកគណៈបច្ចេកទេសរបស់សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា បានបន្តថា កីឡាករ-កីឡាការិនី កីឡាមកពី ១៣ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។
បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមប្រមាណជា ៤,៦៨០នាក់ ដែលអញ្ជើញមកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៣២ប្រភេទកីឡា លើ២៥៨ វិញ្ញាសា។

អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ។
ដោយឡែក សម្រាប់កីឡាជាតិជនពិការមាន ១០ប្រភេទកីឡា លើ៤៦វិញ្ញាសាប្រកួត៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ កូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ៕
ដោយ៖លី ភីលីព







