ភ្នំពេញ៖ភ្នំពេញ៖ គណៈកម្មការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាចំបាប់ចំនួន ១៦៤ នាក់លើប្រភេទកីឡាចំបាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាចំបាប់កម្ពុជា។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាចំបាប់កម្ពុជា និងជាមន្ត្រីជំនាញកីឡាចំបាប់ បានប្រាប់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ គណៈកម្មការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាចំបាប់ចំនួន ១៦៤ នាក់ ក្នុងនោះគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ១៣៩ នាក់ ក្នុងនោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ សរុប ៤៧នាក់ កីឡាករ ៦0 នាក់ និងកីឡាការិនី ៣២នាក់ ចំណែកគណៈកម្មការ ២៥នាក់។
គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាចំបាប់កម្ពុជា និងជាមន្ត្រីជំនាញកីឡាចំបាប់ បានបន្ថែមថា ប្រតិភូ គ្រូបង្វឹក គ្រូជំនួយនាក់ និងកីឡាករ-កីឡាការិនី មកពី ១១ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង សេដ្ឋកិច្ច និងហិរញវត្ថុ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តតាកែវ ។

បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមប្រមាណជា ៤,៦៨០នាក់ ដែលអញ្ជើញមកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៣២ប្រភេទកីឡា លើ២៥៨ វិញ្ញាសា។
អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ។
ដោយឡែក សម្រាប់កីឡាជាតិជនពិការមាន ១០ប្រភេទកីឡា លើ៤៦វិញ្ញាសាប្រកួត៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ កូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ៕
ដោយ៖លី ភីលីព
