កីឡា

Harry Kane ដាក់គោលដៅឈ្នះជើងឯក Champions League ជាមួយនឹងកិច្ចសន្យាថ្មីនៅក្លិប Bayern

បរទេស៖ ហារី ខេន (Harry Kane) បានសារភាពថា លោកពិតជាកុហកហើយប្រសិនបើលោកនិយាយថា លោកមិនចង់ឈ្នះពានរង្វាន់ Champions League យ៉ាងហោចណាស់មួយលើក មុនពេលកិច្ចសន្យាថ្មី របស់លោកជាមួយក្លិប FC Bayern ត្រូវបញ្ចប់នៅឆ្នាំ២០២៩។ ខ្សែប្រយុទ្ធរូបនេះបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងដណ្តើមពានរង្វាន់ ដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុបមួយនេះ បានធ្វើឱ្យការសម្រេចចិត្តបន្តកិច្ច សន្យារបស់លោកក្លាយជារឿងដ៏ងាយស្រួលបំផុត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​ទោះបីជាបានឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ (Bundesliga) ពីររដូវកាលជាប់ៗគ្នា រួមទាំងពានរង្វាន់ឯកត្តជនជាច្រើននៅទីក្រុងមុយនិច (Munich) ក៏ដោយ ក៏លោក Harry Kane នៅតែបន្តផ្តោតអារម្មណ៍យ៉ាងមុតមាំទៅលើការលើកពានរង្វាន់ UEFA Champions League ដដែល។ តាមរយៈការបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២៩ នេះ ខ្សែប្រយុទ្ធរូបនេះបានចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នៅទ្វីបអឺរ៉ុប គឺជាគោលដៅកំពូលសម្រាប់ពេលវេលាដែលនៅសេសសល់របស់លោកជាមួយនឹងក្លិប Bayern។

​កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីរហូតដល់ទៅ ១៥៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦១លើកដំបូងរបស់លោកសម្រាប់ក្លិប ប៉ុន្តែលោកនៅតែជឿជាក់ថា ជោគជ័យរបស់ក្រុមនៅឆាកអឺរ៉ុប ទើបជាការកំណត់នូវកេរ្តិ៍ឈ្មោះដ៏ឆ្នើមពិតប្រាកដ។

​ Kane បានគូសបញ្ជាក់ជា ចុងក្រោយថា ជំនឿចិត្តទៅលើសមត្ថភាពរបស់ក្លិប Bayern ក្នុងការប្រជែងយកជ័យជម្នះ នៅតំបន់អឺរ៉ុប បានធ្វើឱ្យការបន្តកិច្ចសន្យារបស់លោកក្លាយជាការសម្រេចចិត្តដ៏ងាយស្រួលមួយ ដោយមិនមានការស្ទាក់ស្ទើរឡើយ។

ប្រែសម្រួល៖ គីរី

Most Popular

To Top