ភ្នំពេញ ៖ កីឡាករ-កីឡាការិនីកីឡាទ្រីយ៉ាត្លុង របស់ក្រសួងការពារជាតិឈ្នះមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅខេត្តកែប ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាទ្រីយ៉ាត្លុង ខេត្តកែប។

ក្រសួងការពារជាតិឈ្នះមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកែប ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តកំពង់ធំឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃឈ្នះមេដាយមេដាយប្រាក់ ២ គ្រឿង ខេត្តកណ្តាល និងខេត្តកំពង់ចាម ឈ្នះមេដាយសំរិទ្ធ ១ គ្រឿងដូចគ្នា

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាទ្រីយ៉ាត្លុងចំនួន ៧ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកែប ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តបាត់ ដំបង ដែលមានកីឡាករ-កីឡាការិនីកីឡាទ្រីយ៉ាត្លុងចំនួន៨១នាក់ ក្នុងនោះកីឡាការិនី ១២ នាក់។

លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបន្ថែមថា ការប្រកួតឆ្នាំនេះមាន ៤ វិញ្ញាសា រួមមានវិញ្ញាសា ទ្រីយ៉ាត្លុង (បុរស)៖ហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ ជិះកង់ ចម្ងាយ ២០ គីឡូម៉ែត្រ និងរត់ចម្ងាយ ៥ គីឡូម៉ែត្រ។ វិញ្ញាសា ឌូអាត្លុង (បុរស)៖រត់ចម្ងាយ ៥ គីឡូម៉ែត្រ ជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ ។វិញ្ញាសា អាគ័តត្លុង (បុរស)៖ហែលទឹកចម្ងាយ ៥០០ ម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ ។វិញ្ញាសា អាគ័តត្លុង (នារី)៖ហែលទឹកចម្ងាយ ៥០០ ម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ៕





