កីឡា

ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៦ គ្រឿង សម្រាប់កីឡាចាំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៦ គ្រឿង និង មេដាយសំរិទ្ធ ១ គ្រឿង បានក្លាយជាក្រុមគ្រងតំណែង ជើងឯកលើប្រភេទកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាចំបាប់កម្ពុជា។

 
ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាចំបាប់ពីសំណាក់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាតំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស៊ីម ទូច អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងគណៈប្រតិភូ មកពី ១១ ក្រសួង និងរាជធានីខេត្ត ។
 
ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៦ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ឆ្នាំងឈ្នះមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ក្រសួងការពារជាតិឈ្នះមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ​ខេត្តតាកែវឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងខេត្តពោធិ័សាត់ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាចំបាប់កម្ពុជា និងជាមន្ត្រីជំនាញកីឡាចំបាប់ បានប្រាប់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ គណៈកម្មការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាចំបាប់ចំនួន ១៦៤ នាក់ ក្នុងនោះគ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ១៣៩ នាក់ ក្នុងនោះប្រតិភូ​ គ្រូ​បង្វឹក​ គ្រូ​ជំនួយ​ សរុប​ ៤៧នាក់ កីឡា​ករ​ ៦0 នាក់ និងកីឡាការិនី​ ៣២នាក់ ចំណែកគណៈកម្មការ​ ២៥នាក់។
 
គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាចំបាប់កម្ពុជា និងជាមន្ត្រីជំនាញកីឡាចំបាប់ បានបន្ថែមថា ប្រតិភូ​ គ្រូ​បង្វឹក​ គ្រូ​ជំនួយនាក់ និងកីឡាករ-កីឡាការិនី មកពី ១១ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង សេដ្ឋកិច្ច និងហិរញវត្ថុ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តតាកែវ ។

Most Popular

To Top