ភ្នំពេញ៖ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៥គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងលើប្រភេទកីឡាយូដូ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាគារដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងខេមរសហព័ន្ធកីឡាយូដូ។
លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹករបស់ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងថា ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៥គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តត្បូងឃ្មុំ ឈ្នះមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តរតនៈគិរី ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តរស្ទឹងត្រែង ឈ្នះមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកណ្តាល មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងក្រសួងមហាផ្ទៃ មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។
សម្រាប់ប្រភេទកីឡាយូដូ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ និង និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ មានកីឡាករ-កីឡាការិនីកីឡាមកពី ៩ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តបាត់ដំបង និងខេត្តកណ្តាល។
លោកប្រធានបច្ចេកទេស បានបន្តថា ចំណែកកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ មានកីឡាករ-កីឡាការិនីកីឡាមកពី ៦ រាជធានីខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តកណ្តាល៕
ដោយ៖លី ភីលីព









