បរទេស៖ នៅក្នុងប្រទេសហូឡង់ ទិន្នន័យអេឡិចត្រូនិកពីការិយាល័យ ចំនួនពីររបស់ក្រុមហ៊ុនផលិតរថយន្តចិន BYD ត្រូវបានរឹបអូសតាមសំណើរបស់ក្រុមហ៊ុន Jaguar Land Rover (JLR) ដោយសារមានការសង្ស័យថា មានការលួចចម្លងបច្ចេកវិទ្យារថយន្តម៉ូដែល Defender ដើម្បីយកទៅអភិវឌ្ឍរថយន្តប្រភេទ SUV ម៉ូដែល Ti7។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមសារព័ត៌មាន The Guardian នៅថ្ងៃទី ៨ ខែវិច្ឆិកា ការរឹបអូសភស្តុតាងនេះបានកើតឡើងកាលពីខែសីហា នៅការិយាល័យ BYD ចំនួនពីរ គឺនៅទីក្រុង Schiedam និងទីក្រុង Hoofddorp ប្រទេសហូឡង់។ សកម្មភាពនេះត្រូវបានអនុវត្តដោយមន្ត្រីអនុវត្តច្បាប់ ក្រោមការអនុញ្ញាតពីតុលាការ ដោយផ្អែកលើសំណើរបស់ក្រុមហ៊ុន Jaguar Land Rover (JLR)។
ក្រុមហ៊ុន JLR សង្ស័យថា BYD បានសិក្សាលើបច្ចេកវិទ្យាមួយចំនួនរបស់រថយន្ត Defender ហើយបានយកលទ្ធផលនោះទៅប្រើប្រាស់ក្នុងការអភិវឌ្ឍរថយន្ត SUV ម៉ូដែល Ti7 របស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសមួយនេះ បានស្នើសុំឱ្យរក្សាទុកទិន្នន័យអេឡិចត្រូនិក នៅឯការិយាល័យរបស់ក្រុមហ៊ុនគូប្រជែង ដើម្បីការពារកុំឱ្យមានការបំផ្លាញភស្តុតាង។
យោងតាមនីតិវិធីរដ្ឋប្បវេណីរបស់ហូឡង់ ការរឹបអូសនេះមិនមែនមានន័យថា JLR អាចចូលមើលឯកសារទាំងនោះបានភ្លាមៗនោះទេ។ ទិន្នន័យទាំងនោះនឹងត្រូវរក្សាទុកដោយភាគីទីបីឯករាជ្យមួយ រហូតទាល់តែមានសេចក្តីសម្រេចបន្ថែមទៀតពីតុលាការ។
សវនាការមួយត្រូវបានគ្រោងធ្វើឡើង នៅសប្តាហ៍នេះក្នុងទីក្រុងឡាអេ ដើម្បីពិចារណាលើបញ្ហាផ្លូវច្បាប់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភកម្មសិទ្ធិបញ្ញា។ ទាំងក្រុមហ៊ុន JLR និង BYD បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយសារសំណុំរឿងនេះកំពុងស្ថិតក្នុងដំណើរការនៅឡើយ។
សូមជម្រាបថា ក្រុមហ៊ុន BYD រំពឹងថានឹងដាក់លក់រថយន្តម៉ូដែល Ti7 នៅក្នុងចក្រភពអង់គ្លេសចាប់ពីខែមករា ឆ្នាំ ២០២៧ តទៅ ដោយមានតម្លៃចាប់ផ្តើមពី ៤៧,៩៩៥ ផោន។ ក្នុងពេលជាមួយគ្នានេះ រថយន្ត Defender 110 ដែលមានកៅអី ៧ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៨,៤៦៥ ផោន ៕
ប្រែសម្រួលៈ តុលា
