បរទេស៖ រថយន្ត Yangwang U9 Xtreme របស់ក្រុមហ៊ុន BYD បានក្លាយជារថយន្តផលិតសម្រាប់លក់លើទីផ្សារ (Production car) ដំបូងគេដែលរត់បានល្បឿនលើសពី ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងការតេស្តបើកបរទិសដៅតែមួយ ដោយទទួលបានកំណត់ត្រាពិភពលោក Guinness ចំនួនពីរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
បើកបរដោយអ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ លោក Marc Basseng រថយន្តស្ព័រអគ្គិសនីប្រភេទ Hypercar មួយនេះ សម្រេចបានល្បឿន ៥០៣,១៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវហាយវេដែលត្រូវបានបិទមួយកន្លែងក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី១ ខែវិច្ឆិកា ដែលបានបំបែកកំណត់ត្រាចាស់របស់ខ្លួនក្នុងល្បឿន ៤៩៦,២២ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើបាននៅប្រទេសអាល្លឺម៉ង់កាលពីខែកញ្ញា។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន BYD កាលពីថ្ងៃទី៦ ខែវិច្ឆិកា។
យោងតាមសហព័ន្ធកីឡាយានយន្តអន្តរជាតិ (FIA) បានឱ្យដឹងថា រថយន្តនេះបានបង្កើតកំណត់ត្រាសម្រាប់ល្បឿនលឿនបំផុតដែលសម្រេចបានដោយរថយន្តផលិតសម្រាប់ទីផ្សារទូទៅ និងរថយន្តអគ្គិសនីផលិតសម្រាប់ទីផ្សារទូទៅ ក្នុងការតេស្តបើកបរក្នុងទិសដៅតែមួយ។
គេហទំព័រព័ត៌មានរថយន្តអគ្គិសនី Electrek បានកត់សម្គាល់ថា ជាទូទៅ កំណត់ត្រាល្បឿនរថយន្តផលិតសម្រាប់ទីផ្សារទូទៅតាមបែបប្រពៃណី តម្រូវឱ្យមានការតេស្តបើកបរក្នុងទិសដៅផ្ទុយគ្នា ដើម្បីទូទាត់សំណងលើលក្ខខណ្ឌខ្យល់ និងស្ថានភាពផ្លូវ។
រថយន្ត U9 Xtreme ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលបង្កើតកម្លាំងសរុបបាន ៣ ០១៩ កម្លាំងសេះ (Metric horsepower) ដែលជាកម្លាំងខ្លាំងជាងរថយន្ត Yangwang U9 ស្តង់ដារធម្មតាដល់ទៅជាងពីរដង។
ប្រព័ន្ធអគ្គិសនីកម្រិត ១ ២០០ វ៉ុលរបស់វា ផ្តល់នូវថាមពលដែលត្រូវការចាំបាច់សម្រាប់ការបើកបរក្នុងល្បឿនដ៏លឿនបំផុត ខណៈដែលប្រព័ន្ធបូម (Suspension) ដ៏ទំនើប និងសំបកកង់ដែលផលិតឡើងជាពិសេស ជួយរក្សាស្ថិរភាពរថយន្ត។ រថយន្តនេះក៏មានបំពាក់នូវបច្ចេកវិទ្យាថ្ម Blade Battery របស់ BYD ដែលត្រូវបានកែសម្រួលសម្រាប់បញ្ចេញថាមពលកម្រិតខ្ពស់ និងការគ្រប់គ្រងកម្តៅផងដែរ។
រថយន្ត U9 ស៊េរីដើម ធ្លាប់សម្រេចបានល្បឿន ៣០៩ គីឡូម៉ែត្រក្នុងមួយម៉ោង អំឡុងពេលធ្វើតេស្តក្នុងប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤ និងល្បឿន ៣៩១,៩៤ គីឡូម៉ែត្រក្នុងមួយម៉ោង នៅប្រទេសអាល្លឺម៉ង់នៅចុងឆ្នាំនោះ។
ចំណែកឯរថយន្ត U9 Xtreme ដែលត្រូវបានដំឡើងសមត្ថភាពថ្មីនេះ សម្រេចបានល្បឿន ៤៧២,៤១ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីខែសីហា ឆ្នាំ២០២៥ និង ៤៩៦,២២ គីឡូម៉ែត្រក្នុងមួយម៉ោង នៅខែបន្ទាប់ មុនពេលឆ្លងកាត់កំណត់ត្រា ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងទីក្រុង Abu Dhabi ។
យោងតាមវីដេអូដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ក៏មានសេចក្តីរាយការណ៍ផងដែរថា រថយន្តតេស្តសាកល្បងម៉ូដែល U9 Xtreme មួយគ្រឿង បានបុករបាំងការពារក្នុងល្បឿនប្រហែល ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងពេលធ្វើតេស្តល្បឿនលឿននៅក្នុងប្រទេសចិន។
ក្រុមហ៊ុន BYD មានគម្រោងផលិតរថយន្ត U9 Xtreme ត្រឹមតែ ៣០ គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។ អតិថិជនមួយចំនួនបានយល់ព្រមរួចរាល់ហើយ លើលក្ខណៈបច្ចេកទេសដែលពួកគេចង់បាន (Personalized specifications) មុនពេលឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យា និងការកំណត់កាលវិភាគផលិតកម្ម។
ប្រែសម្រួល៖ គីរី
