បរទេស៖ ប្រធានក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe បានបន្សល់ទុក នូវពេលវេលាដ៏លំបាកពីអតីតកាល ហើយពេលនេះកំពុងផ្តោតអារម្មណ៍ទាំងស្រុង លើភារកិច្ចអន្តរជាតិរបស់ខ្លួន។ មិត្តរួមក្រុមនៅក្លឹប Real Madrid កីឡាករ Ibrahima Konate បានអះអាងថា ខ្សែប្រយុទ្ធរូបនេះបានវិលត្រឡប់មកវិញយ៉ាងរឹងមាំ បន្ទាប់ពីការខកចិត្តចំពោះពានរង្វាន់ Ballon d’Or នាពេលថ្មីៗនេះ និងការរិះគន់យ៉ាងចាស់ដៃជុំវិញ ការបញ្ចេញមតិដ៏ចម្រូងចម្រាសនៅប្រទេសចិន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
Mbappe បានត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិបារាំងជាផ្លូវការវិញហើយ មុនការប្រកួតពានរង្វាន់ Nations League នាពេលខាងមុខ ។ ប្រធានក្រុមជម្រើសជាតិរូបនេះបានខកខានការប្រកួតចំនួន ៣ លើកចុងក្រោយ ដោយសារបញ្ហារបួស ប៉ុន្តែពេលនេះ លោកបានត្រៀមខ្លួនរួចរាល់ ជាស្រេចក្នុងការដឹកនាំក្រុមប្រកួត ទល់នឹងក្រុមជម្រើសជាតិអ៊ីតាលី និងទួរគី។
វាជាពេលវេលាដ៏ច្របូកច្របល់មួយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ ទាំងនៅលើទីលាន និងក្រៅទីលាន។ ទោះជាយ៉ាងណាក៏ដោយ កីឡាករ Konate អះអាងថា មិត្តរួមក្រុមជម្រើសជាតិ និងនៅក្លឹប Real Madrid រូបនេះ បានជម្នះនូវរាល់ការលំបាកទាំងនោះរួចរាល់ហើយ។
ថ្មីៗនេះ Mbappe បានទទួលចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ក្នុងការបោះឆ្នោតជ្រើសរើសជយលាភីពានរង្វាន់ Ballon d’Or ។ ការខកខានមិនបានឈ្នះពានរង្វាន់ឯកត្តជនដ៏មានកិត្យានុភាពនេះ ពិតជាការវាយប្រហារផ្លូវចិត្តមួយ ប៉ុន្តែ Konate ជឿជាក់យ៉ាងមុតមាំថា ខ្សែប្រយុទ្ធរូបនេះនៅតែរក្សាបាននូវកាយសម្បទាល្អ និងស្មារតីរឹងមាំ។
យោងតាមសារព័ត៌មាន Reuters កីឡាករ Konate បានបញ្ជាក់ថា៖ “គាត់កំពុងស្ថិតក្នុងស្ថានភាពផ្លូវចិត្តដ៏ល្អប្រសើរមួយ អ្នកអាចមើលឃើញពីការប្រកួតថ្មីៗរបស់គាត់។ គាត់លេងបានយ៉ាងមុតស្រួច ហើយគាត់គឺជាកីឡាករដ៏សំខាន់បំផុតសម្រាប់ពួកយើងនៅ Madrid ។”
ទន្ទឹមនឹងការខកចិត្តរឿងពានរង្វាន់ Ballon d’Or កីឡាករ Mbappe បានប្រឈមមុខនឹងប្រតិកម្មរិះគន់យ៉ាងខ្លាំងនៅប្រទេសចិន បន្ទាប់ពីបានយោងទៅលើរូបភាព Meme តាមអ៊ីនធឺណិតដែលយករូបមុខរបស់គាត់ទៅកាត់តលើរូបភាពអតីតថ្នាក់ដឹកនាំស្ថាបនិកចិន គឺលោក ម៉ៅ សេទុង (Mao Zedong)។ លោកត្រូវបានបង្ខំឱ្យធ្វើការសុំទោស ចំពោះការបញ្ចេញមតិនោះ ដែលបានជំរុញឱ្យម៉ាកយីហោមួយចំនួន បញ្ចប់ភាពជាដៃគូពាណិជ្ជកម្មជាមួយលោកភ្លាមៗ ។ លើសពីនេះ ការប្រកួតក្របខណ្ឌលីគកំពូលអេស្ប៉ាញ ត្រូវបានដកចេញទាំងស្រុងពីកាលវិភាគ ចាក់ផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ។ ទោះបីជាមានការរំខានយ៉ាងខ្លាំង នៅក្រៅទីលានបែបនេះក្តី Konate ជឿជាក់ថាម្ចាស់ជើងឯក World Cup រូបនេះ បានឆ្លើយតប និងដោះស្រាយបញ្ហានេះបានយ៉ាងល្អតាមទម្លាប់របស់គាត់។
ប្រែសម្រួល៖ គីរី
