បរទេស៖ អតីតកីឡាករ Youssouf Mulumbu បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ GOAL ថានៅពេលដែលថ្ងៃមួយ មកដល់សម្រាប់ Kylian Mbappe ក្នុងការចាកចេញពីទីក្រុង Madrid ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ “នឹងផ្លាស់ទៅ Liverpool” ខណៈដែលការត្រឡប់ទៅកាន់ Paris Saint-Germain វិញត្រូវបានច្រានចោលទាំងស្រុង។ ម្ចាស់ជើងឯក World Cup រូបនេះ នឹងមិនទៅណាឆាប់ៗនោះទេ ដោយសាររូបគេនៅមានកុងត្រានៅអេស្ប៉ាញ ប៉ុន្តែអាចនឹងត្រូវ បានទាក់ទាញដោយការប្រកួតប្រជែង នៅក្របខ័ណ្ឌ Premier League ក្នុងពេលណាមួយ នេះបើយោងតាម ការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ ។
កីឡាករជម្រើសជាតិបារាំង Mbappe ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ គ្រប់ពេលវេលារបស់ប្រទេសខ្លួន និងបានបង្កើតកំណត់ត្រាស្រដៀងគ្នានេះនៅក្នុងព្រឹត្តិការណ៍កំពូលរបស់ FIFA កាលពីរដូវក្តៅ បាននិយាយលាទៅកាន់ក្លឹប PSG កាលពីឆ្នាំ២០២៤ ដើម្បីស្វែងរកភាពជោគជ័យនៃពានរង្វាន់ Champions League ដ៏លំបាក។
ភ្លាមៗបន្ទាប់ពីលោកបានចាកចេញ ពីកីឡដ្ឋាន Parc des Princes ជើងឯកអឺរ៉ុបលើកដំបូងត្រូវបានឈ្នះ ដោយក្រុមយក្សនៃក្របខ័ណ្ឌ Ligue 1 ដែលបន្ទាប់មកបានឈ្នះពានរង្វាន់នេះជាប់ៗគ្នា។ ស្ថានភាពនេះបានធ្វើឲ្យ Mbappe ស្ថិតក្នុងការងឿងឆ្ងល់ពីអ្វីដែលអាចនឹងកើតឡើង ខណៈដែលការទទួលស្គាល់ក្នុងពានរង្វាន់ Ballon d’Or ក៏ជួបការលំបាកផងដែរ។
ក្លឹប Real Madrid មានបំណងនាំយកពានរង្វាន់ដ៏មានកិត្យានុភាពបំផុតជូនដល់កីឡាករលេខ ១០ ដ៏ឆ្នើមរបស់ពួកគេ ប៉ុន្តែអាចនឹងមានពេលវេលាមួយដែលគាត់នឹងត្រូវបង្ខំចិត្តក្នុងការពិចារណាស្វែងរកក្ដីស្រមៃនៅកន្លែងផ្សេង។ តើគាត់អាចត្រឡប់ទៅមាតុភូមិវិញ ឬក៏ការចាប់ផ្តើមថ្មីនៅអង់គ្លេសនឹងមានភាពទាក់ទាញ – ខណៈដែលមានក្លឹបធំៗដូចជា Arsenal, Liverpool, Manchester City និង Chelsea សុទ្ធសឹងតែធ្លាប់មានចំណាប់អារម្មណ៍កន្លងមក?
នៅពេលសួរថាតើ Mbappe អាចទៅទីណា បន្ទាប់ពីបរាជ័យក្នុងការទទួលបានពានរង្វាន់ធំៗដែលគេប៉ងប្រាថ្នានៅ Madrid អតីតខ្សែបម្រើរបស់ PSG កីឡាករ Mulumbu បានប្រាប់ GOAL ថា៖ “វាជារឿងគួរឱ្យអស់សំណើច ពីព្រោះរបៀបដែលគាត់ចាកចេញពី PSG មិនមែនជាវិធីដ៏ល្អបំផុតនោះទេ។”
”ខ្ញុំគិតថាដូចដែលមនុស្សគ្រប់គ្នាបានដឹង ហើយគាត់ក៏បាននិយាយរឿងនេះជាច្រើនដងក្នុងការសម្ភាសន៍ គឺក្ដីស្រមៃរបស់គាត់គឺការលេងឱ្យ Real Madrid ។ ប៉ុន្តែខ្ញុំពិតជាគិតថា បន្ទាប់ពី Real Madrid, ប្រសិនបើ – ជាការប្រសិនបើដ៏ធំមួយ ព្រោះគាត់នឹងស្នាក់នៅទីនោះយូរ – ប្រសិនបើគាត់ចង់ចាកចេញពីក្លឹបនេះ គាត់ពិតជានឹងទៅ Liverpool មិនខាន”។
នៅពេលសុំឲ្យបកស្រាយលម្អិតបន្ថែម លើការលើកឡើងដ៏ក្លាហាននេះ Mulumbu បានបន្ថែមថា៖ “គាត់ធ្លាប់បាននិយាយពីមុនមក ។ គាត់ធ្លាប់បាននិយាយជាមួយលោក Jurgen Klopp នៅពេលនោះ ហើយគាត់ពិតជាអ្នកគាំទ្ររបស់ក្លឹប Liverpool។ នោះនឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គាត់ និងសម្រាប់ក្លឹប”។
ប្រែសម្រួល៖ គីរី
