កីឡា

អាហ្សង់ទីននៅតែជាអាហ្សង់ទីន ទោះគ្មានវត្តមាន Messi ក៏ដោយ’ – Rodrigo Aguirre ព្រមានក្រុមអ៊ុយរូហ្គាយ មុនការប្រកួតនៅ La Bombonera ក្រោមការដឹកនាំរបស់លោក Diego Forlan

​បរទេស៖ ខ្សែប្រយុទ្ធក្លឹប Tigres កីឡាករ Rodrigo Aguirre បានព្រមានមិត្តរួមក្រុមជម្រើសជាតិអ៊ុយរូហ្គាយរបស់ខ្លួន កុំឱ្យមើលស្រាលគូប្រជែងដ៏ស្វិតស្វាញអាហ្សង់ទីន បន្ទាប់ពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ Lionel Messi នាពេលថ្មីៗនេះ ។ គ្រូបង្វឹកបណ្តោះអាសន្ន លោក Diego Forlan នឹងដឹកនាំក្រុម La Celeste ចូលរួមការប្រកួតមិត្តភាពដ៏សំខាន់ នៅថ្ងៃសុក្រ នៅកីឡដ្ឋាន La Bombonera ក្នុងអំឡុងពេលប្រកួតអន្តរជាតិ ចុងក្រោយប្រចាំឆ្នាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​កីឡាករ Aguirre ជឿជាក់ថា ការប្រកួតនៅថ្ងៃសុក្រក្នុងទីក្រុង Buenos Aires នឹងផ្តល់នូវការស្ទាបស្ទង់យ៉ាងតឹងរ៉ឹងអំពីវឌ្ឍនភាពរបស់ក្រុមអ៊ុយរូហ្គាយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Forlan ទោះបីជាប្រទេសជិតខាងរបស់ពួកគេកំពុងសម្របខ្លួនទៅនឹងស្ថានភាពដែលគ្មានអតីតកីឡាករឆ្នើម Messi ក៏ដោយ។

​ខ្សែប្រយុទ្ធដែលប្រកបអាជីពនៅម៉ិកស៊ិក និងមានរហស្សនាមថា ‘El Bufalo’ រូបនេះ បានចូលរួមជាមួយក្រុមជម្រើសជាតិ មុនការប្រកួតមិត្តភាពក្នុងខែវិច្ឆិកា ទល់នឹងក្រុម Albiceleste (អាហ្សង់ទីន) និងក្រុមសាធារណរដ្ឋដូមីនីកែន។ ក្រុមរបស់លោក Forlan ឈានចូលមកដល់ការសម្រាកប្រកួតអន្តរជាតិនេះ បន្ទាប់ពីទទួលបានជ័យជម្នះពីរដង និងចាញ់ម្តង ក្នុងការប្រកួតទេសចរណ៍នៅទ្វីបអាស៊ីនាពេលថ្មីៗនេះ។

​បន្ទាប់ពីរបូតតំណែងជើងឯកពិភពលោក ក្នុងការប្រកួតចាញ់ក្រុមអេស្ប៉ាញ ១-០ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ក្រុមអាហ្សង់ទីនបានលាគ្នាជាមួយ Messi កាលពីថ្ងៃទី ៦ ខែតុលា នៅពេលដែលគាត់ស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទី (assist) ២ ដង នៅចំពោះមុខអ្នកគាំទ្រ ៨៥,០០០ នាក់ ក្នុងការប្រកួតឈ្នះក្រុមបេណាំង (Benin) ៣-០ នៅកីឡដ្ឋាន Estadio Monumental។ ការប្រកួតនេះបានបញ្ចប់អាជីពរយៈពេល ២១ ឆ្នាំ ដែលគាត់រកបាន ១២៦ គ្រាប់ ក្នុង ២០៨ ប្រកួត ព្រមទាំងឈ្នះ World Cup ឆ្នាំ ២០២២, ពាន Finalissima ឆ្នាំ ២០២២ និង Copa America ២ ដង។

​បន្ទាប់ពីការវាយបកត្រឡប់មកវិញ ពីការបរាជ័យ ៣-១ ក្រោមថ្វីជើងក្រុមជប៉ុន ក្នុងការប្រកួតបើកឆាកទេស ចរណ៍នៅអាស៊ីរបស់ពួកគេ អ៊ុយរូហ្គាយបានយកឈ្នះកូរ៉េខាងត្បូង ៤-១ និងលត់ឥណ្ឌា ៦-១។ ឥឡូវនេះ ពួកគេកំពុងរីករាយនឹង ការវិលត្រឡប់មកកាន់ទ្វីបអាមេរិកខាងត្បូងវិញ មុនពេលធ្វើជាម្ចាស់ផ្ទះ ទទួលការប្រកួតមិត្តភាពលើកទីពីរនៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅលើទឹកដីរបស់ខ្លួន។

ប្រែសម្រួល៖ គីរី

Most Popular

To Top