កីឡា

កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ២០២៦ ប្រចាំមណ្ឌលរាជធានីភ្នំពេញ បានបញ្ចប់ហើយ

ភ្នំពេញ ៖ កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ២០២៦ ប្រចាំមណ្ឌលរាជធានីភ្នំពេញ បានឈានដល់វិទ្យាល័យចុងក្រោយហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា គឺនៅវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ដោយមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឆ្លងកាត់កម្មវិធីនៅវិទ្យាល័យចំនួន៤ក្នុងរាជធានីភ្នំពេញរយៈពេល២សប្ដាហ៍នេះ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមើលឃើញពីភាពផុសផុលនៃការចូលរួមរបស់សិស្សានុសិស្សក្នុងការស្វែងយល់ពីគុណតម្លៃអូឡាំពិក និងកីឡាអូឡាំពិក។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ មានប្រសាសន៍បែបនេះ <<៖ យើងអាចវាយតម្លៃបានថា សិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែយល់ស៊ីជម្រៅ និងយល់ថែមទៀតពីកីឡាអូឡាំពិក និងគុណតម្លៃនៃកីឡាអូឡាំពិក។ យើងសង្កេតឃើញពួកគាត់មានចំណេះដឹងច្រើនពាក់ព័ន្ធនឹងកីឡា ជាពិសេសការចូលរួមលេងកីឡាយ៉ាងផុសផុលស្របតាមយុទ្ធនាការជាតិរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិក គឺយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទក្នុងជីវិត។>>

ទាក់ទងនឹងសារៈសំខាន់នៃគុណតម្លៃអូឡាំពិក គឺផ្សារភ្ជាប់ការអប់រំ និងកីឡា ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា ជាផ្នែកដ៏សំខាន់សម្រាប់ពង្រឹងគុណភាពជីវិតរបស់ប្រជាជន ដោយត្រូវមនុស្សម្នាក់ត្រូវមានចំណេះដឹងតាមរយៈការអប់រំ និងមានសុខភាពល្អរឹងមាំ។ ប្រសិនបើមនុស្សម្នាក់មិនមានការអប់រំ និងសុខភាពល្អទេ នោះមិនអាចក្លាយជាមូលធនសម្រាប់ជាតិបានឡើយ។

បន្ទាប់ពីចប់យុទ្ធនាការនៅរាជធានីភ្នំពេញ ដែលមានវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងបន្តការផ្សព្វផ្សាយ ទៅកាន់សិស្សានុសិស្សតាមបណ្ដាខេត្តនានា ជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top