ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងថា ការប្រកួតកីឡាជាតិលើកទី៥លើប្រភេទកីឡាកាយសម្ព័ន្ធ ឆ្នាំ២០២៦នេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយនេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យរបស់កីឡាករ កីឡាការិនីគ្រប់រូប ទាំងកម្រិតយុវជន និងវ័យក្មេង ក្នុងការជ្រើសរើសត្រៀមឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅម៉ាឡេស៊ី និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។

លោកបណ្ឌិតបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីលានសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូស៊េរី និងធនាគារ វឌ្ឍនៈ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយករដ្ឋនកីឡា ព្រមទាំងប្រតិភូកីឡា គណៈកម្មការបច្ចេកទេស កីឡាករ កីឡាការិនី។

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក អ្នកគ្រូ ពិសេសមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសមាជិកប្រត្តិបតិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយការលះបង់ពេលវេលា និងកិច្ចខិតខំរបស់មន្ត្រីបច្ចេកទេសផងដែរ។

ក្នុងនាមទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេសជំរុញការអភិវឌ្ឍចលនាកីឡា និងក្នុងនាមប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦នេះ ដោយគោរពបានតាមការណែនាំរបស់គណៈកម្មាធិការរៀបចំកីឡាជាតិលើកទី៥ ដែលរួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងបានអនុវត្តតាមបទបញ្ជាបច្ចេកទេស ក្រមសីលធម៌កីឡា ស្មារតីទទួលខុសត្រូវ ខ្ពស់លើ គោលការណ៍ Fair Play ក្នុងការប្រកួត ទើបធ្វើឱ្យការប្រកួតនេះបានប្រព្រឹត្តទៅ ដោយរលូនតាំងពីដើមរហូតចប់កម្មវិធី និងស្របតាមបុព្វបទ “កីឡាដើម្បីឯកភាពជាតិ”។

ប្រធានសហព័ន្ធក៏បានកោតសរសើរចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មន្ត្រី បច្ចេកទេសគ្រប់រូប ដែលបានខិតខំអភិវឌ្ឍន៍ប្រភេទកីឡានេះរហូតជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមៗមាន សមត្ថភាពល្អៗ ដើម្បីឆ្ពោះទៅរកឧត្តមភាព និងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ ២០២៧ នៅប្រទេសម៉ាឡេស៊ី ។ ឆ្នាំ២០២៦នេះ យើងបានអនុវត្តតាមផែនការមេឆ្ពោះទៅកាន់ ឆ្នាំ២០២៧ (ការចូលរួមប្រកួត ស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី) និងឆ្នាំ២០៣១ នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បើគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣១ គឺ មានរយៈពេលតែ ៥ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីឱ្យវិស័យកីឡា នៅកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណជាមួយគុណភាព និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសការត្រៀមលក្ខណៈឱ្យបានពេញលេញធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីលើកទី៥ នាឆ្នាំ២០៣១។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនដល់សហព័ន្ធ និងក្លឹប ក្នុងគោលដៅជំរុញឱ្យមានការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីតាមក្លឹប សមាគមកាយសម្ព័ន្ធ ពង្រឹងសមត្ថភាពចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹកឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាពផងដែរ។
លោកបណ្ឌិត ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំ ក្លឹប សមាគមកីឡាកាយសម្ព័ន្ធនៃក្រសួង ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានបញ្ជូន ប្រតិភូកីឡារបស់ខ្លួន មកចូលរួមការប្រកួតនេះ ប្រកបដោយស្មារតី មិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺ ឈរលើស្មារតី លេងកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស (Fair Play)។

លោកបណ្ឌិតក៏បានថ្លែង អំណរគុណចំពោះមន្ត្រីបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងកាទទួលខុសត្រូវលើការកាត់សេចក្តី ជូនដល់កីឡាករ កីឡាការិនី ប្រកបដោយភាពយុត្តិធម៌ ក្រមសីលធម៌វិជ្ជាជីវៈ មិនលម្អៀង ដោយគោរពបានតាមបទ បញ្ជាបច្ចេកទេសអន្តរជាតិ និងបានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយរលូន និងទទួលបានជោគជ័យ៕

