ភ្នំពេញ៖ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿងក្នុងការប្រកួតកីឡាគុនល្បុក្កតោ នៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេកម្ពុជា បរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ។

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦លោក សេង សុភ័ក្ត្រ អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការនៃគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាគុនល្បុក្កតោ នៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេកម្ពុជា បរិវេណសកលវិទ្យាល័យ ភូមិន្ទភ្នំពេញរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រសាសន៍ថា ការប្រកួតកីឡាគុនល្បុក្កតោ នាពេលនេះ មានការចូលរួមពីប្រតិភូកីឡាតំណាងរាជធានី-ខេត្តចំនួន ១៣ និងក្រសួងចំនួន ២ សរុបចំនួន ១៥ អង្គភាព និងកីឡាករឥកីឡាការិនីចូលរួមសរុបចំនួន ១៣១នាក់ ក្នុងនោះកីឡាករបុរសចំនួន ៨០នាក់ កីឡាការិនីចំនួន ៥១នាក់
។ វិញ្ញាសាប្រកួត ការប្រកួតត្រូវបានរៀបចំសរុបចំនួន ១៥វិញ្ញាសា រួមមាន៖ វិញ្ញាសាប្រយុទ្ធចំនួន ៥វិញ្ញាសា និងវិញ្ញាសាបង្ហាញទម្រង់មេគុនចំនួន ១០វិញ្ញាសា។

លោកអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបន្តថា កីឡាគុនល្បុក្កតោ គឺជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបានតម្កល់ជាតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ ទស្សនវិជ្ជា និងអត្តសញ្ញាណជាតិដ៏ជ្រាលជ្រៅ។ ក្បាច់គុននេះមិនត្រឹមតែបង្ហាញពីសមត្ថភាពប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះនូវវិន័យ សីលធម៌ សេចក្តីក្លាហាន ការគោរព និងស្មារតីស្នេហាជាតិ។ ការដែលគុនល្បុក្កតោត្រូវបានចុះបញ្ជីក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។
ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តសៀមរាប ដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តព្រះសីហុន ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តរតនគិរី ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ៕


