បរទេស៖យោធារបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលវាយប្រហារក្នុងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់នៅក្បែរតំបន់ឆ្នេរភាគខាងកើត ចូលទៅក្នុងសមុទ្រ ហើយនេះគឺជាការបន្ត ធ្វើតេស្តអាវុធ ក្រោយផ្អាកអស់រយៈពេល៣ ខែកន្លងមក។
អគ្គសេនាធិការកូរ៉េខាងត្បូង បាននិយាយប្រាប់ថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញពីទីក្រុង Wonsan ស្ថិតនៅលើតំបន់ឆ្នេរភាគខាងកើត និងហោះបានចម្ងាយ២៤០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់៣៥គីឡូម៉ែត្រ ហើយក្នុងកាលពីអតីត ប្រទេសកូរ៉េខាងជើង ក៏បានបាញ់មីស៊ីលជាបន្តបន្ទាប់ ចេញពី តំបន់នេះផងដែរ។
ប្រទេសកូរ៉េខាងជើង ហាក់កំពុងតែបន្តធ្វើសមយុទ្ធបាញ់ តេស្តសាកល្បង ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យមើល កាលពីថ្ងៃសុក្រសប្ដាហ៍ មុន ហើយនៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង កំពុងតែធ្វើការឃ្លាំមើល ចំពោះការបាញ់បន្ថែមទៀត៕

