ម៉ានីល៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងអំណរគុណ ដល់ស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma ដែលបានបរិច្ចាគម៉ាស់ ការពារចំនួន ៥០០,០០០ ម៉ាស់ ដល់ប្រទេសហ្វីលីពីន ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសនេះ ក្នុងការកាត់បន្ថយការរីករាលដាល នៃមេរោគកូវីដ១៩ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ហ្វីលីពីនលោក Carlos Dominguez បានថ្លែងអំណរ គុណដល់លោក Ma ចំពោះ“ ភាពសប្បុរសនិង ចេតនា” របស់លោក ក្នុងការជួយប្រទេសហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដែលបានឆ្លងដល់មនុស្សចំនួន ២១៧ នាក់ និងបានសម្លាប់ ជីវិតមនុស្សចំនួន ១៧ នាក់ នៅក្នុងប្រទេសនេះ ។
លោក Dominguez បានប្រាប់លោក Ma ក្នុងកិច្ចសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃពុធថា “សូមអរគុណលោក Jack ជាខ្លាំង ។ នេះពិតជាចាំបាច់ណាស់ នៅទីនេះ ហើយខ្ញុំនឹងប្រាប់ លោកប្រធានាធិបតី (Rodrigo Duterte) ភ្លាមៗពីភាពសប្បុរស និងចេតនារបស់អ្នក ចំពោះជំនួយនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា