ព្រឹត្តិការណ៍

អ្នកស្លាប់ដោយសារមេរោគកូវីដ១៩ នៅអ៊ីតាលី មាន ៣.៤០៥ នាក់ និងអ្នកឆ្លងមាន ៤១.០៣៥នាក់ ច្រើនជាង អ្នកស្លាប់នៅចិន

BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្សនៅប្រទេសអ៊ីតាលីច្រើនជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះមានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះមានដើមកំណើតកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេនៅមានចម្ងល់ទាក់ទងនឹងភាពដែលអាចជឿជាក់បាននៃទិន្នន័យអ្នកស្លាប់នៅក្នុងប្រទេសចិននេះ។

ការបិទប្រទេសទាំងមូលដែលបានដាក់ចេញ កាលពីថ្ងៃទី ១២ ខែមីនានៅប្រទេសអ៊ីតាលី ត្រូវបានពង្រីកហួសកាលបរិច្ឆេទដើម នៅថ្ងៃទី២៥ មីនា។ ជនជាតិអ៊ីតាលីស្ទើរតែទាំងអស់ត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ។ ទោះបីមានវិធានការទាំងនេះក៏ដោយ ក៏ចំនួនករណីថ្មី និងមរណភាព នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងដដែល។ មានករណីឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នេះចំនួន ២២០.០០០ ករណី នៅទូទាំងពិភពលោក ដែលមានមនុស្សស្លាប់ជាង ៩.០០០ នាក់។

ប្រទេសចិនបានបញ្ជាក់ថា ខ្លួនមិនមានករណីឆ្លងថ្មីក្នុងស្រុកថ្មីទេកាលពីថ្ងៃពុធ ដែលនេះជាករណីគ្មានឆ្លងសូម្បីម្នាក់ ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ប៉ុន្តែរបាយការណ៍នេះបានរាយការណ៍ថា មានករណីថ្មីចំនួន ៣៤ ករណី ក្នុងចំណោមប្រជាជនដែលទើបវិលត្រឡប់ពីក្រៅប្រទេស។ ចំនួនករណីឆ្លងជំងឺនៅក្នុងប្រទេសចិន មានច្រើនជាង ៨១,០០០ករណី ដែលចំនួននេះ គឺ នៅតែខ្ពស់ជាងប្រទេសអ៊ីតាលីដែលមានដែលមានចំនួន ៤១.០៣៥ ករណី។

ប្រទេសអ៊ីតាលីបានបិទអាជីវកម្មភាគច្រើន និងហាមឃាត់ការប្រមូលផ្តុំជាសាធារណៈទូទាំងប្រទេសនៅថ្ងៃទី ១២ ខែមីនាខណៈដែលខ្លួនព្យាយាមបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។ បារភោ ជនីយដ្ឋាន និងហាងភាគច្រើន បានបិទទ្វារ រួមទាំងសាលារៀននិងសាកលវិទ្យាល័យផងដែរ។ ការបិទប្រទេសនេះ ត្រូវបានបន្ត ហើយនាយករដ្ឋមន្រ្តីលោក Giuseppe Conte បាននិយាយថា វាបានជួយការពារ“ ការដួលរលំនៃប្រព័ន្ធ” ប៉ុន្តែលោកបានប្រាប់កាសែត Corriere della Sera ថា “យើងនឹងមិនអាចវិលត្រឡប់ទៅរកជីវិតភ្លាមៗដូចកាលពីមុនទេ” ទោះបីជាវិធានការត្រូវបានបញ្ចប់ក៏ដោយ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top