ព្រឹត្តិការណ៍

អគ្គលេខាធិការណាតូ ព្រួយបារម្ភ ពីការចលាចលនៅ អាហ្វហ្គានីស្ថាន ក្រោយមាន កិច្ចព្រមព្រៀង សន្តិភាព

បរទេស៖អង្គការណាតូ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានក្តីព្រួបារម្ភ អំពីភាពចលាចលនយោបាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយសហរដ្ឋអាមេរិក បានអំពាវនាវឲ្យធ្វើការផ្លាស់ប្តូរអ្នកទោសគ្នា រវាងរដ្ឋាភិបាលនៃទីក្រុងកាប៊ុល និងពួកតាលីបង់ ឲ្យចាប់ផ្តើមឆាប់បំផុតតាមដែលអាចទៅរួច។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីបញ្ជាការកណ្ដាលសម្ព័ន្ធមិត្តក្នុងប្រទេសប៊ែលហ្ស៊ិកថា រដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថាន ចាំបាច់ត្រូវតែធ្វើកិច្ចពិភាក្សាអន្តរអាហ្វហ្គានីស្ថាននានា ជាមួយពួកតាលីបង់។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ពិតណាស់ យើងមានក្តីព្រួយបារម្ភ អំពីភាពចលាចលនយោបាយ ដែលយើង មើលឃើញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលបច្ចុប្បន្ននេះ ហើយកាលពីពីរសប្ដាហ៍មុន ខ្ញុំបាននៅក្នុង ទីក្រុងកាប៊ុល នៅពេល ដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខា និងដើម្បី ធ្វើឲ្យប្រាកដថា កិច្ចព្រមព្រៀង ត្រូវបានគេអនុវត្ត យើងត្រូវការរដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថានមួយ ដែលអាចជា ផ្នែកនៃដំណើរការចរចានយោបាយ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top