បរទេស៖ ជនជាតិវៀតណាម ពីរនាក់ ដែលបានវិលត្រឡប់ ចូលខេត្តតៃនិញ ពីប្រទេសកម្ពុជា បានបង្កើនចំនួនអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសវៀតណាម រហូតដល់ ១១៨ នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ១១៧” ជាបុរសអាយុ ៣០ ឆ្នាំ ដែលរស់នៅ ក្នុងខេត្តឡុងអាន ជាប់ទីក្រុងហូជីមិញ។ គាត់បានធ្វើដំណើរ ទៅទីក្រុងភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី ៩ ខែមីនាហើយចាប់ផ្តើមក្អកនិងមានដង្ហើមខ្លី ដែលជារោគ សញ្ញាធម្មតានៃជំងឺ Covid-19 នៅថ្ងៃទី ១៦ ខែមីនា។
លោកបានវិលត្រឡប់ ទៅប្រទេសវៀតណាម វិញនៅច្រកទ្វារ ព្រំដែនអន្តរជាតិម៉ុកបៃ នៅខេត្ត តៃនិញ ជាខេត្តជាប់ទីក្រុង ហូជីមិញ នៅថ្ងៃទី ១៩ ខែមីនា និងត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យទូទៅតាយនិញ ដែលជាកន្លែង ដែលគាត់ត្រូវបាន គេធ្វើតេស្តិ៍វិជ្ជមាន។ កាំរស្មីអ៊ិចទ្រូងបង្ហាញថាសួតរបស់គាត់ត្រូវ បានខូចខាតមួយផ្នែក។
“ អ្នកជំងឺទី ១១៨” ជាស្ត្រីអាយុ ២៣ ឆ្នាំដែលមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ។ ស្រ្តីរូបនេះគឺជាអ្នកស្រុកនៅក្នុងខេត្តអានយ៉ាង នៃដែនដីសណ្តរនៃ ទន្លេមេគង្គ ហើយធ្វើការនៅកាស៊ីណូមួយដែលមានឈ្មោះថា Galaxy នៅប្រទេសកម្ពុជា។
នាងក៏បានចូលប្រទេសវៀតណាម នៅច្រកទ្វារម៉ុកបៃ នៅថ្ងៃទី ១៩ ខែមីនា។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅតាយនិញ និងបានដាក់ឱ្យនៅដាច់ ដោយឡែកពីគេបន្ទាប់ពីនាងត្រូវបានគេរកឃើញថាកំពុងក្តៅខ្លួន ក្អក និងមានអារម្មណ៍ ពិបាកដកដង្ហើម។ រូបភាពកាំរស្មីអ៊ិចក៏បង្ហាញពីការខូចខាតនៅផ្នែកមួយ នៃសួតរបស់នាងដែរ៕ ប្រែសម្រួលៈ ណៃ តុលា