កីឡា

លោកព្រំ ប៊ុណ្ណយី៖ ព្រឹត្តិការណ៍ កីឡាអាស៊ានចំនួន២ ទំនងជាលុបចោលមួយ

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡា សិស្ស-និស្សិតអាស៊ាន ចំនួន២នាឆ្នាំ២០២០នេះ ទំនងជាត្រូវលុបចោលមួយ ឬ ចោលទាំងស្រុងតែម្ដង ដោយសារតែមេរោគ Covid-19 ដែលនៅតែមិនទាន់ ស្រាកស្រាន្តនៅឡើយ ព្រោះការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ២០២០ ក៏លើកពេលដែរ។

លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សា ក្រសួងអប់រំយុវជន និង កីឡា និងជានាយបេសកកម្ម សម្រាប់ព្រឹត្តិការណ៍កីឡាសិស្ស និងសាកលវិទ្យាល័យអាស៊ាន បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ឆ្នាំ២០២០នេះ សម្រាប់ការប្រកួត សិស្សគឺមានការប្រកួតកីឡា បឋមសិក្សាអាស៊ីអាគ្នេយ៍លើកទី១១ ដែលគ្រោងនឹងធ្វើឡើង នៅប្រទេសហ្វីលីពីន ។

ព្រឹត្តិការណ៍នេះ ត្រូវបានដាក់កាលបរិច្ឆេទ ធ្វើនៅខែកក្កដា តែពេលនេះ វាកៀកនឹងខែមេសាទៅហើយៗ ប្រសិនបើជំងឺ Covid-19នេះនៅមិនទាន់ស្រាកស្រាន្ដទេនោះ ព្រឹត្តិការណ៍ទំនងជាលុបចោល ។ លោកបន្តថា ប្រទេសហ្វីលីពីនពេលនេះ ក៏កំពុងតែច្របូកច្របល់ពីជំងឺនេះផង និង ស្ថានភាពសន្តិសុខ ក៏មិនសូវជាល្អដែរ ហេតុនេះព្រឹត្តិការណ៍នេះ ទំនងជាលុបចោល ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាបឋមសិក្សានេះ កម្ពុជាធ្លាប់ចូលរួមប្រកួត បានចំនួន៣លើកដែរ សម្រាប់ការប្រកួតនៅឆ្នាំនេះដែរ គឺការប្រកួត កីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (ASEAN University Games)លើកទី១៩ ដែលធ្វើនៅប្រទេសថៃ ។ ដំបូងឡើយព្រឹត្តិការណ៍នេះ ត្រូវធ្វើនៅប្រទេសហ្វីលីពីន តែដោយសារតែមានបញ្ហាខ្លះៗនោះ ទើបគណៈកម្មការរៀបចំការប្រកួត សម្រេចចិត្តផ្ទេរមកប្រកួត នៅប្រទេសថៃវិញ ។

សម្រាប់ព្រឹត្តិការណ៍កីឡា សាកលវិទ្យាល័យអាស៊ាននេះ នឹងធ្វើឡើងនៅខែវិច្ឆិកានាចុងឆ្នាំនេះ រយៈពេលនៅវែងឆ្ងាយហេតុនេះ ព្រឹត្តិការណ៍ប្រហែលជា មិនលុបចោលនោះទេ ។ ពេលនេះអ្វីដែលកម្ពុជាត្រូវធ្វើនោះ គឺពិចារណាឲ្យអត្តពលិក បានហ្វឹកហាត់ តែអ្វីៗត្រូវស្វែងរកគំនិតរួមមួយ ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិក បានវិលមកកាន់ទីលានហ្វឹកហាត់វិញ ៕ ដោយ៖លី ភីលីព

Most Popular

To Top