ហុងកុង ៖ តារាសម្តែងរូបសង្ហារ Terence Yin ត្រូវគេថតបានបណ្តើរគ្នាម្តងទៀត ជាមួយអតីតគូស្នេហ៍ Raquel Xu ក្រោយផ្តាច់ពាក្យបាន៦ខែ។
ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី៣០ ខែមីនានេះថា តារាសម្តែងទាំងពីរ Terence Yin និង Raquel Xu ដែលបំពាក់ចិញ្ចៀនសុំគ្នា រៀបការក្នុងហាងស៊ុប និងប្រកាសបែកបាក់កាលពី៦ ខែមុននោះត្រូវគេ តាមថតបានបណ្តើរគ្នា ទៅទិញគ្រឿងទេស នៅហាងមួយក្នុងទីក្រុងប៉េកាំង ហើយក្រោយរូបភាពនេះត្រូវចែកចាយ មានអ្នកគាំទ្រជាច្រើនលើកឡើងថាលោក Terence បានផ្លាស់ទៅនៅប៉េកាំងជាមួយ Raquel Xu ព្រោះកន្លងមកពួកគេបែកបាក់គ្នា ព្រោះតែនៅឆ្ងាយនេះឯង ។
ក្រោយមានការចុះផ្សាយ ព្រោងព្រាត រឿងត្រឡប់រកគ្នាវិញ តារាសិចស៊ី Raquel Xu បានចេញមុខបដិសេធភ្លាមៗថា “ជាការពិតសព្វថ្ងៃគាត់មករស់ នៅប៉េកាំងមែន តែពួកយើងគ្រាន់ តែជាអ្នកជិតខាង និងជាមិត្តល្អតែប៉ុនណោះ តាំងពីមិនទាន់បែកគ្នាក៏ពួក ខ្ញុំមិនធ្លាប់រស់នៅជាមួយគ្នាទេ កាលតែត្រូវថតបាននោះ ព្រោះតែពួកខ្ញុំជួបគ្នាចៃដន្យប៉ុនណោះ រឿងត្រឡប់រកគ្នា គឺមិនអាចទេ ពួកខ្ញុំធ្វើជាមិត្តល្អ សាកសមបំផុតហើយ” ៕
ដោយ៖ទូច សុខលីដា