កីឡា

Messi អះអាងថា កីឡាករទាំងអស់ នឹងទទួលយក ការកាត់ប្រាក់កម្រៃ ដល់ទៅ៧០ភាគរយ ព្រមទាំងបរិច្ចាគលុយបន្ថែមផង

នៅថ្ងៃចន្ទ ទី៣០ ខែមីនា កីឡាករនាំមុខគេ សម្រាប់ក្លឹបយក្សអេស្បាញ Barcelona កីឡាករ Lionel Messi បានចេញមកអះអាងថា កីឡាករទាំងអស់របស់ក្លឹប នឹងទទួលយកការកាត់ប្រាក់ខែរបស់ពួកគេ ដល់ទៅ៧០ភាគរយ ក្នុងស្ថានភាពនៃការវាយលុយ ជំងឺរាតត្បាតកូរ៉ូណា ពេលបច្ចុប្បន្ននេះ។

កីឡាករដដែលនេះ ក៏បានបញ្ជាក់ទៀតដែរថា លើសពីនេះប្រាក់បរិច្ចាគបន្ថែម ពីកីឡាករទាំងអស់ក៏ នឹងអាចត្រូវបានក្លឹប យកទៅប្រើប្រាស់ សម្រាប់ផ្គង់ផ្គង់បុគ្គលិកផ្សេងទៀតផងដែរ ក្នុងអំឡុងពេលបញ្ហាបែបនេះ។ ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់មានព័ត៌មានចេញផ្សាយថា កីឡាករទាំងអស់បានប្រកែក មិនព្រមទទួលយកសំណើរបស់ក្លឹប ក្នុងការកាត់ប្រាក់កម្រៃ របស់ពួកគេ។

គួរបញ្ជាក់ថា ព័ត៌មានមុននេះ បានអះអាងថា កីឡាករទាំងអស់ មិនព្រមទទួលយក ការកាត់ប្រាក់កម្រៃដល់ទៅ ៧០ភាគរយពីក្លឹបឡើយ ហើយក៏បន្តបដិសេធ នូវចំនួន៥០ភាគរយផងដែរ ប៉ុន្តែបែរជាក្រោយមកបន្ត កីឡាករនាំមុខរបស់ក្លឹបដូចជា Messi និងSuarez បានអះអាង អំពីការទទួលយកនេះទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top