ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០កន្លងទៅ ថ្នាក់ដឹកនាំក្រុមហ៊ុន អ៊ីនធឺណិតលំដាប់ខ្ពស់ EZECOM បានយកម៉ាសគុណ ភាពខ្ពស់ មួយចំនួនធំ សរុប១0,000 ម៉ាស ព្រមទាំងទឹកលាងដៃសម្លាប់ មេរោគចំនួន ១២0០ដប ទៅប្រគល់ជូន ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់វីរុសកូវីដ១៩ នៅកម្ពុជា។
លោកបណ្ឌិត សុខ ចំរើន អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន EZECOM ដែលបានពាំនាំនូវសម្ភារៈបរិក្ខារដ៏មានសារសំខាន់ទាំងនេះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់កូវីដ១៩។
លោកបណ្ឌិត សុខ ចំរើន បានមានប្រសាសន៍ថា “នេះគឺជាកាយវិការមួយ ដ៏ប្រពៃ និងប្រកបដោយមនុស្សធម៌ ពីថ្នាក់ដឹកនាំក្រុមហ៊ុន EZECOM ដែលបានយកចិត្តទុកដាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ ក្រសួងសុខាភិបាលផងដែរ។
តាងនាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខ្ញុំសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន EZECOM ហើយខ្ញុំរំពឹងថាយើងនឹងមានកិច្ចសហការបន្តទៀត ជាពិសេសបន្តលើការគាំទ្រផ្នែកសម្ភារៈ ក៏ដូចជាផ្នែកបច្ចេកទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលនេះ។”
សកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនថ្ងៃនេះ គឺជាការចូលរួមចំណែកថ្មីមួយទៀតរបស់ EZECOM ក្នុងការសម្រាលបញ្ហាជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយក្នុងវិស័យសេវាអ៊ីនធឺណិត។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាដ៏មានសារសំខាន់ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាជាធ្លុងមួយ និងជួយគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់កូវីដ១៩ និងការពារសុខមាលភាពប្រជាជនកម្ពុជា។ ការបរិច្ចាគម៉ាស ទឹកលាងដៃសម្លាប់មេរោគនៅថ្ងៃនេះ គ្រាន់តែជាការចូលរួមចំណែក មួយផ្នែកទៀតរបស់ EZECOM ក្នុងចំណោមសកម្មភាព ជាច្រើនដែលយើងបានធ្វើ ហើយនឹងបន្តធ្វើនៅពេលខាងមុខ។”
លោកស្រីបានបន្ថែមទៀតថា “ក្នុងនាមជាក្រុមហ៊ុន សេវាអ៊ីនធឺណិត យើងមានតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អ្នកប្រើប្រាស់ ទាំងអស់ទទួល បានសេវាកម្មដែលល្អបំផុត ក្នុងពេលវេលាដ៏ស្រួចស្រាវនេះ ដើម្បីពួកគាត់ អាចបំពេញកិច្ចការងារ សំខាន់ៗផ្សេងៗលើប្រព័ន្ធអ៊ីនធឺណិត។ ហេតុដូចនេះហើយ ទើបយើង បង្កើតការផ្តល់ជូនជាច្រើន ក្នុងអំឡុងពេលថ្មីៗនេះ ដើម្បីជួយមនុស្សកាន់តែច្រើនការពារ ខ្លួនពីកូវីដ១៩។”
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីនេះ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានដំឡើងល្បឿនអ៊ីនធឺណិត ២០០% ដោយឥតគិតថ្លៃ ដល់អតិថិជន របស់ខ្លួនដែលកំពុងប្រើប្រាស់កញ្ចប់អ៊ីនធឺណិត EzeSurf ដើម្បីជួយអោយមនុស្សកាន់ តែច្រើនអាចបំពេញ ការងារផ្សេងៗពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិត កាន់តែងាយស្រួល និងមានប្រសិទ្ធភាព ខ្ពស់ជាងមុន។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយការបញ្ចុះតម្លៃ លើការជាវកម្មវិធី Office 365 ដែលជាកម្មវិធី Office សម្រាប់ក្រុមហ៊ុនធុរកិច្ចប្រើប្រាស់ដើម្បីធ្វើការពីចម្ងាយ ប៉ុន្តែនៅតែរក្សាផលិតភាព និងប្រសិទ្ធភាពការងារ។
សម្រាប់អ្នកដែលត្រូវការ អ៊ីនធឺណិត ល្បឿនលឿន ដើម្បីបំពេញការងារ ឬគ្រប់គ្រងអាជីវកម្មរបស់អ្នក អ្នកអាចស្វែងរក EZECOM នៅគេហទំព័រ www.ezecom.com.kh នៅលើផេច EZECOM ក្នុងបណ្តាញសង្គមហ្វេសប៊ុក និងតាមទូរស័ព្ទលេខ 023 23 81 81 និង 085 88 81 81៕
សម្រាប់ការសាកសួរ ពីសំណាក់អ្នកសារព័ត៌មាន៖
លោក ហួង សុភ័ក្រ្តដារ៉ា Public Relation Manager ក្រុមហ៊ុន EZECOM
ទូរស័ព្ទ៖ 092329560
អ៊ីមែល៖ houng.sopheakdara@ezecomcorp.com