ព្រឹត្តិការណ៍

កងកម្លាំងអាមេរិក ឈរជើងនៅជប៉ុន ប្រកាសភាពអាសន្នលើសុខភាព សម្រាប់មូលដ្ឋាននានា នៅតំបន់កាន់តូ

បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិក ឈរជើងនៅប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ បានប្រកាសភាពអាសន្ន លើសុខភាពជាសាធារណៈ សម្រាប់មូលដ្ឋានយោធានានារបស់ខ្លួន នៅក្នុងតំបន់កាន់តូ ស្ថិតនៅប្រទេសជប៉ុនភាគខាងកើត ដោយរួមបញ្ចូលទាំងទីក្រុងតូក្យូផង ដែលជាទីគេឃើញមានការកើនឡើង ក្នុងចំនួនឆ្លងវីរុសកូរ៉ូណាថ្មី។

លោកនាយឧត្តមសេនីយ៍ Kevin Schneider ជាមេបញ្ជារកងទ័ពអាមេរិក ប្រចាំនៅប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែការកើនឡើងឥតឈប់ឈរ ក្នុងករណីមេរោគកូវីដ១៩ នៅតំបន់ទីក្រុងតូក្យូ ខ្ញុំបានអនុវត្តប្រកាស ភាពអាសន្នសុខភាពសាធារណៈមួយ សម្រាប់តំបន់កាន់តូ”។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោកឧត្តមសេនីយ៍សហរដ្ឋអាមេរិករូបនេះ បានប្រសាសន៍បន្តទៀតដូច្នេះថា “បទបញ្ជានេះគ្រប់ដណ្ដប់ លើមូលដ្ឋាននិងបរិវេណ អគារកងទ័ពជើងគោក ទ័ពជើងទឹក កងកម្លាំងអាកាស និងកងកម្លាំងម៉ារីនទាំងអស់ នៅក្នុងតំបន់”។

គួរបញ្ជាក់ថា មេរោគកូវីដ១៩ គឺជាជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top