Event

ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជោរៃភ្នំពេញ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។

មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ ជាក់ស្ដែងដូចកម្មវិធីដែលបានបង្កើតឡើង ដែលមានឈ្មោះថា «ទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» ។ មន្ទីរពេទ្យជោរៃភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងពិធីទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលសហការរៀបចំ ដោយមន្ទីរពេទ្យជោរៃភ្នំពេញ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី៧ មេសានេះ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម ២ដង ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ។ នេះជាលើកទី៩ ហើយដែលមន្ទីរពេទ្យជោរៃ បានធ្វើកម្មវិធីបរិច្ចាគឈាម ដោយលើកទី១ មានអ្នកចូលរួម ៦០នាក់ លើកទី២ មាន ៧០នាក់ លើកទី៣ មាន៨០នាក់ លើកទី៤ មានជាង១០០នាក់ លើកទី៥ ជាង១០០នាក់ លើកទី៦ ក៏មានជាង ១០០នាក់ និងលើកទី៧ ក៏មានជាង ១០០នាក់ដែរ ។

លោកវេជ្ជបណ្ឌិតបន្តថា នេះជាលើកទី៣ហើយ ដែលលោកបានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ លោកក៏បានអំពាវនាវ ឲ្យពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះឈាមមួយប្លោក អាចជួយសង្គ្រោះអ្នកជំងឺ និងអ្នករងគ្រោះបានម្នាក់ ។ ការបរិច្ចាគឈាមនេះ គឺពុំមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពទេ តែផ្ទុយទៅវិញ គឺជួយឲ្យមានសុខភាពល្អ ។

ក្នុងឱកាសនោះដែរលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងថា បញ្ហាឈាមមិនមែនជាបញ្ហា របស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហាទាំងអស់គ្នា ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។

លោកបន្ថែមថា បើគិតជាតួលេខរួមមានប្រហែល ២៥% នៃប្រជាជនទូទាំងប្រទេសកម្ពុជា បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ។ ឆ្លៀតក្នុងឱកាសនេះ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ប្រកបដោយមនុស្សធម៌ ព្រោះជាកាយវិការមួយដ៏ថ្លៃថ្លា គួរឲ្យគោរពបំផុត ៕

This image has an empty alt attribute; its file name is photo_2020-04-07_13-49-11-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-04-07_13-48-32-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-04-07_13-48-45-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-04-07_13-49-23-1024x586.jpg

Image

This image has an empty alt attribute; its file name is photo_2020-04-07_13-49-19-1024x768.jpg

Most Popular

To Top