ព្រឹត្តិការណ៍

អាមេរិកចោទចិនថា កំពុងប្រើប្រាស់ការ រាលដាលវីរុស កូរ៉ូណា លើសកលលោក ដើម្បីធ្វើសកម្មភាពវាទទី នៅសមុទ្រចិនខាងត្បូង

បរទេស៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់ការរាតត្បាត នៃវីរុសឆ្លងកូវីដ១៩ នៅលើពិភពលោក ដើម្បីពង្រីក “ ការទាមទារដោយខុសច្បាប់” របស់ខ្លួននៅក្នុងសមុទ្រចិន ខាងត្បូង ។

យោងតាមវែបសាយ Yahoo News ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានការព្រួយបារម្ភខ្លាំង គឺក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ទស្សនៈរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះការប៉ះទង្គិចគ្នា រវាងនាវាឆ្មាំសមុទ្រចិន និងនាវានេសាទវៀតណាម នៅក្បែរប្រជុំកោះ Paracel ដែលមានជម្លោះ ។

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី Morgan Ortagus បាននិយាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ នៃឧប្បត្តិហេតុនេះ នៅប្រហែល ជាពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះនាវិក វៀតណាម ៨ នាក់ បានលោតចូលទឹក ក្នុងពេលដែលទូករបស់ពួកគេបានលិច។ កម្មករទូកទាំងអស់ត្រូវបានជួយសង្គ្រោះដោយនាវាចិន ហើយក្រោយមក បានប្រគល់ទៅឱ្យអាជ្ញាធរវៀតណាម។

លោកស្រី Ortagus បានមានប្រសាសន៍ថា“ ឧប្បត្តិហេតុនេះគឺជាសកម្មភាព ចុងក្រោយបង្អស់ នៅក្នុងសកម្មភាពដ៏យូរអង្វែង របស់ចិន ដើម្បីអះអាងការទាមទារ តាមផ្លូវសមុទ្រដោយខុសច្បាប់ និងធ្វើឱ្យអន្តរាយ ដល់ប្រទេសជិតខាង នៅអាស៊ីអាគ្នេយ៍ នៅសមុទ្រចិនខាងត្បូង” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top