បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសានេះ កងទ័ព នៃប្រទេសប៉ាគីស្ថាន បាននិយាយ ថាខ្លួនបានបាញ់ទម្លាក់ យន្ដហោះស៊ើបការណ៍ ខ្នាតតូចមួយរបស់ប្រទេសឥណ្ឌា នៅក្នុងតំបន់កាស្មៀរ ខណៈភាពតានតឹងបានកើនឡើង ជុំវិញការបាញ់ផ្លោងឆ្លងព្រំដែន នៅលើទឹកដី ដែលមានជម្លោះនេះ នាពេលកន្លងមកចុងក្រោយ។
យោងតាមសេចក្តីថ្លែងការណ៍មួយ របស់បណ្តាញសារព័ត៌មាន នៃកងទ័ពប៉ាគីស្ថានបានអោយដឹងទៀតថា យន្តហោះរូបរាងពងក្រពើរបស់ឥណ្ឌា បានឆ្លងកាត់ចម្ងាយ ៦០០ ម៉ែត្រនៅលើព្រំដែន ផ្លូវការ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថា Line of Control ឬ(LoC) ។
ទោះបីជាយ៉ាងណា ក្តីឥណ្ឌា បានឆ្លើយតបភ្លាមៗថា ដ្រូនមួយគ្រឿងនោះ មិនមែនជាកម្មសិទ្ធរបស់ប្រទេសឥណ្ឌាឡើយ ។ គួរបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងនៅចំពេល ដែលប្រទេសទាំងពីរ កំពុងព្យាយាមចោទដាក់គ្នាថា បានរំលោភបំពានលើកិច្ចព្រមព្រៀង ឈប់បាញ់គ្នានៅក្នុងតំបន់LoC៕
ប្រែសម្រួល៖ស៊ុនលី