ព្រឹត្តិការណ៍

កិច្ចព្រមព្រៀងគាំទ្រ ដល់យន្តហោះចម្បាំង F-35 សម្រាប់ កូរ៉េខាងត្បូង ត្រូវបាន ក្រសួង ការបរទេស អាមេរិក អនុម័តយល់ព្រម

បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តយល់ព្រម ចំពោះកិច្ចព្រមព្រៀង៦៧៥លានដុល្លារ ពាក់ព័ន្ធការគាំទ្រ ដល់ការងារលើយន្តហោះចម្បាំង F-35 ក៏ដូចជាគ្រឿងបន្លាស់និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត សម្រាប់កូរ៉េខាងត្បូង ជាផ្នែកនៃកម្មវិធីលក់សម្ភារៈយោធា ឲ្យបរទេសរបស់មន្ទីរបញ្ចកោណ។ 

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ កិច្ចព្រមព្រៀងនោះនឹងផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់និងសេវាកម្មនានា លើយន្តហោះចម្បាំង F-35 ម៉ាស៊ីន អាវុធ និងសម្ភារៈពាក់ព័ន្ធ ក៏ដូចជាការបោះពុម្ពផ្សាយ និងឯកសារ សម្ភារៈគាំទ្រ គ្រឿងបន្លាស់ គ្រឿងជួសជុល និងសេវាកម្មគាំទ្រការដឹកជញ្ជូន។ 

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសកូរ៉េខាងត្បូង បានទទួល យន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន១៣គ្រឿង នៅក្នុងឆ្នាំ២០១៩ និងត្រូវបានគេរំពឹងថា នឹងទទួលបាន៤០គ្រឿង ទៀត នៅឆ្នាំ២០២១៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top