កាសែត អង់គ្លេស The Mirror ចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យនេះ បានសរសេរថា កីឡាករខ្សែប្រយុទ្ធជួរមុខ Luis Suarez ត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នា ជាមួយនឹង អតីតមិត្តរួមក្លឹបម្នាក់ នៅឯប្រទេសអ៊ុរ៉ាហ្គាយ អំពីការវិលត្រឡប់ទៅកាន់ក្លឹបចាស់ របស់គាត់វិញ ប៉ុន្តែក៏បានសារភាពដែរថា បើBarcelona នឹងផ្តល់កុងត្រាថ្មីSuarez នឹងនៅបន្តរស់នៅទឹកដី អេស្បាញដដែល។
តាមពិតមកដល់ពេលនេះ កីឡាករSuarez បានព្យាយាមធ្វើការងារ ទុកជាមុន ហើយជម្រើសក្នុងការវិលត្រឡប់ ទៅកាន់ក្លឹបចាស់មួយ របស់ខ្លួនវិញ គឺនឹងអាចធ្វើឡើង ប្រសិនបើBarcelona នឹងមិនព្រមបន្តកុងត្រាថ្មី ដែលមានសុពលភាព ត្រឹមឆ្នាំ២០២១ ឲ្យគាត់ទេនោះ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ល្អបំផុតក្នុងតំបន់អ៊ឺរ៉ុប ជិតមួយទសវត្សមកហើយ ។ ក្នុងពេលបង្ហាញខ្លួនទាំង២៧០ដង ឲ្យក្លឹបគេរកបាន១៩១គ្រាប់ ជួយមិត្តរួមក្លឹប រកបាន១០៨គ្រាប់ផងដែរ។
មុនពេល ដែលផ្លាស់ មកដល់Nou Campកីឡាករអ៊ុយរ៉ាហ្គាយរូបនេះ បានជួយ Liverpool មិនតិចឡើយ ដោយបានទាំងលើកពានស្បែកជើងមាសមួយផង និងស្ទើរតែជួយឲ្យក្លឹបនេះ លើកពានរង្វាន់អង់គ្លេស ជាលើកដំបូងផង កាលពីរដូវកាលឆ្នាំ២០១៣-២០១៤៕
ប្រែសម្រួល៖ស៊ុនលី