ព្រឹត្តិការណ៍

ក្រសួងការពារជាតិ ជប៉ុន ៖ ចិនបញ្ជូននាវាដឹកយន្តហោះ ចូលជិតជប៉ុន និងកោះតៃវ៉ាន់ ក្នុងពេលអាមេរិកកំពុង ជាប់ដៃជាមួយវីរុសកូរ៉ូណា

YOKOSUKA NAVAL ៖ ប្រទេសជប៉ុន និងកោះតៃវ៉ាន់ បានតាមឃ្លាំមើលនាវាដឹកយន្តហោះ របស់ចិនឈ្មោះ Liaoning និងក្រុមនាវាចម្បាំងអមដំណើរ ខណៈដែលនាវាទាំងនោះ បានបើកឆ្លង កាត់ច្រកសមុទ្រ Miyako និងឆ្លងកាត់កោះតៃវ៉ាន់ កាលពីចុងសប្តាហ៍នេះ។ នេះបើតាមរបាយការណ៍ កាលពីថ្ងៃច័ន្ទ របស់ក្រសួងការពារជប៉ុន ។

យោងតាមសារព័ត៌មាន Military ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមរបាយការណ៍នោះថា នាវាដឹកយន្តហោះ Liaoning និងនាវាចម្បាំងអមដំណើរចំនួន ៥ គ្រឿងផ្សេងទៀត បានធ្វើដំណើរឆ្លងកាត់ផ្លូវចម្ងាយ ១៥៥ ម៉ាយល៍ ចន្លោះកោះអូគីណាវ៉ា និងមីយ៉ាកូ របស់ជប៉ុន កាលពីថ្ងៃសៅរ៍ ហើយបានបែរទៅខាងត្បូងនិងឆ្លងកាត់ភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ។ ផ្លូវសមុទ្រនោះ គឺធំទូលាយល្មមនឹងមានលក្ខណៈជាផ្លូវទឹកអន្តរជាតិ។

កងកំលាំងស្វ័យការពារដែនសមុទ្រជប៉ុន បានតាមដាននាវាដឹកយន្តហោះចិន នាវាពិឃាតផ្ទុកមីស៊ីល ២ គ្រឿង នាវាចម្បាំងពហុមុខងារ ២ គ្រឿង និងនាវាជំនួយប្រយុទ្ធល្បឿនលឿន ខណៈដែលនាវាទាំងនោះ បានធ្វើដំណើរចម្ងាយ ២៦២ ម៉ាយល៍ ភាគនិរតីកោះ Danjo ខេត្ត Nagasaki ប្រហែលម៉ោង ៧ យប់ ថ្ងៃសុក្រ។ នេះបើយោងតាមមន្រ្តីបុគ្គលិក ក្រសួងការពារជាតិ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top