ភ្នំពេញ៖ អ្នកប្រដាល់ តក់ សោភ័ណ្ឌ ក្លិបអេភូថងកីឡាប៉ះជាមួយប្រដាល់ លួន សុខខេង ក្លិបពុទ្ធសេរីវង្ស ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម រីឯអ្នកប្រដាល់ លន់ សៀកឡេង ក្លិបថ្នល់ទទឹងគុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម នៃព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ឲ្យដឹងថា តក់ សោភ័ណ្ឌ និងលន់ សៀកឡេង ជើងខ្លាំងទាំង២នាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក។ សម្រាប់តក់ សោភ័ណ្ឌ វាយលឿន រហ័ស និង ខ្លាំង ព្រមទាំងមានផ្លែល្អថែមទៀត។ យ៉ាងណាសំណាង គេជាអ្នកប្រដាល់ ដែលមានកម្លាំងកាយសម្បទារឹងមាំ និងចិត្តប្រដាល់ធំ មិនញញើត ចំពោះគូប្រកួតឡើយ ។
ចំពោះ លួន សុខខេង វិញ អតីតកាលរបស់គេ ក៏មិនជាអស្ចារ្យដែរ ទោះបីគេជាអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ក៏ដោយ តែគេពុំដែលមានឱកាស ប្រកួតជាមួយ អ្នកប្រដាល់បរទេសឡើយ។ គេជាអ្នកប្រដាល់ ដែលវាយចេញខ្លាំង តែការវ៉ៃចេញរបស់គេ មិនសូវមានកលល្បិចឡើយ ហើយសម្រាប់ការប្រកួតនេះ ទំនងជា តក់ សោភ័ណ្ឌ មានឱកាសឈ្នះ ច្រើនជាងហើយ ។
លន់ សៀកឡេង ក្លិបថ្នល់ទទឹងគុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ សៀកឡេង ជាអ្នកប្រដាល់ជើងខ្លាំង ជំនាន់ក្រោយ ចំពោះ រ៉ាមី គេជាអ្នកប្រដាល់ ដែលមានឈ្មោះ បោះសម្លេងមុន តែសម្រាប់ការប្រកួតនេះ មិនទាន់ប្រាកដថា រ៉ាមី នឹងឈ្នះដាច់ខាតនោះទេ ព្រោះសៀកឡេង មួយរយៈនេះ គេបានយកឈ្នះ អ្នកប្រដាល់ជើងចាស់ ដែលមានឈ្មោះ បោះសម្លេង បានមិនតិចនាក់ឡើយ ។ ជំនួបរវាងអ្នកប្រដាល់ ទាំង ២ រូបនេះ រវាងអ្នកឈ្នះ និងអ្នកចាញ់ ប្រាកដជាទ្រមខ្លួន ដូចគ្នា ជាមិនខាននោះឡើយ។
ភួង ពិសិដ្ឋ ក្លិបខេត្តរតនគីរី ប្រកួតជាមួយអ្នកប្រដាល់ ទូច ដេវីដ ក្លិបអារុណរះកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ អ្នកប្រដាល់ទាំង ២ រូបនេះ ជាកំពូលអ្នកលេងកណ្ដាប់ដៃ ដូចគ្នា ។ ភួង ពិសិដ្ឋ រឹងមាំខ្លាំងណាស់ ឯការវ៉ៃចេញ គឺធ្ងន់ និងច្បាស់។ ចំពោះ ដេវីដ វិញ ការវ៉ែចេញរបស់គេ ក៏ធ្ងន់ដែរ តែមានលក្ខណៈខ្ជីខ្ជារបន្តិច។ ការជួបគ្នារវាង អ្នកប្រដាល់ទាំង ២ រូបនេះ ពិតជាលំបាកនឹងប៉ាន់ស្មាន ពីលទ្ធផលទុកជាមុនណាស់ ព្រោះពួកគេសុទ្ធតែ មានឱកាស ដើម្បីឈ្នះដូចគ្នា។
សូត្រ សាណូ ក្លិបបក្សីស្លាបដែក ប្រកួតជាមួយអ្នកប្រដាល់ ឡាញ់ ផល្លា ក្លិបអេភូថងកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ សាណូ ជាអ្នកប្រដាល់ ជើងថ្មី ចំពោះផល្លា ជាអ្នកប្រដាល់ជើងចាស់ ហើយខ្លាំងទៀតផង ។ សាណូ ទំនងជាមិនខ្សោយទេ មើលទៅ បានជាហ៊ានឡើងសង្វៀន តស៊ូជាមួយ ផល្លា បែបនេះ។
លីន សុផែន ក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ នួន សុវណ្ណរាជ ក្លិបខេត្តរតនគីរី ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ៕ ដោយ៖លី ភីលីព