ភ្នំពេញ៖ លោកគ្រួច ចន្ថារិទ្ធ ដែលជាគ្រូអុកចត្រង្គដ៏ធំ ប្រចាំសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានោះ បានឲ្យដឹងថា ចាប់តាំងពីជំងឺ COVID 19 លេចចេញមកនោះ ការហ្វឹកហាត់ទ្រង់ទ្រាយធំ សម្រាប់កីឡាអុកចត្រង្គកម្ពុជា ត្រូវបានកាត់បន្ថយជាផ្លូវការ ។
ជាមួយនឹងការកាត់បន្ថយនោះ គម្រោងនៃការប្រកួតនានា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ ក៏ត្រូវលុបចោលដែរ ដើម្បីចូលរួមចំណែក ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID 19 ប្រសិនបើមិនមានកកើតនៃ COVID 19 នេះទេ សម្រាប់កីឡាអុកចត្រង្គកម្ពុជា មានការប្រកួតច្រើន ។
អុកចត្រង្គគឺជាប្រភេទកីឡាមួយ ដែលរាល់ការលេងត្រូវការផ្ចង់ស្មារតីភាពស្ងប់ស្ងាត់ ដោយមិនមានការរំខាន ពីមជនឈដ្ឋានជុំវិញខ្លួន។ សព្វថ្ងៃនេះ ការហ្វឹកហាត់គ្រាន់តែ ជាការជួបជុំទ្រង់ទ្រាយតូចៗ ហើយធ្វើការប្រកួតតាមរបៀប បង្ហាញប្រាប់គ្នាទៅវិញទៅមក នូវអ្វីដែលម្នាក់ៗរកឃើញតែប៉ុណ្ណោះ ។
ទោះជាយ៉ាងណា ក៏ក្នុងស្ថានភាពនេះ សហព័ន្ធនៅតែបន្តរៀបចំ នូវបទបញ្ជាប្រកួត រូបមន្ដនៃការប្រកួតរបៀប នៃការលេងដើម្បីបញ្ជូនគ្រូទៅផ្សព្វផ្សាយ ពីកីឡាអុកចត្រង្គនេះ នៅក្នុងបណ្ដាប្រទេសអាស៊ាន ព្រោះការប្រកួត SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះកម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ពេលនេះប្រទេស មីយ៉ាន់ម៉ា ឡាវ វៀតណាម និងប្រទេសមួយចំនួនទៀត កំពុងតែគាំទ្រកម្ពុជាក្នុងការដាក់បញ្ចូល កីឡា អុកចត្រង្ក ទៅក្នុងការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ។
កម្ពុជាដែលជាម្ចាស់ នៃប្រភេទកីឡានេះ ត្រូវតែចេញទៅបង្រៀនគេ ពីវីធីសាស្រ្តនៃការលេង ច្បាប់ល្បែង ចៅក្រម អាជ្ញាកណ្ដាល និងតួនាទីរបស់ពួកគាត់ កំហុសនៃការប្រកួត និងការដាក់ទណ្ឌកម្ម ចំពោះកីឡាករ ព្រមទាំងនីតិវិធីនៃការតវ៉ាជាដើម ៕ ដោយ៖លី ភីលីព