បរទេស ៖ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តី រដ្ឋមន្ត្រីការបរទេសររុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើកិច្ចពិភាក្សាគ្នា អំពីបញ្ហាមីស៊ីលលឿន ជាងសម្លេង ជាមួយសហរដ្ឋអាមេរិក ក្នុងបរិបទស្ថិរភាពយុទ្ធសាស្ត្រ។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានមានប្រសាសន៍ថា លោកនឹងពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក គឺលោក Mike Pompeo នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា នៅក្នុងខែសីហា ឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ យុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលមានឈ្មោះថា សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែ មានចម្ងាយវាយប្រហារមធ្យម ហៅកាត់ថា INF ហើយនេះជាការបន្ថែមភាពតានតឹង រវាងអតីតសត្រូវសង្គ្រាម ត្រជាក់ទាំងពីរ៕
ប្រែសម្រួល៖ប៉ាង កុង