បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិក ជាន់ខ្ពស់ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយថ្នាក់ដឹកនាំពួកតាលីបង់ នៅក្នុងប្រទេសកាតា ដើម្បីពិភាក្សាគ្នា អំពីការពន្យារពេល បញ្ចប់ការដោះដូរអ្នកទោស ដែលកំពុងតែរារាំង ដល់កិច្ចព្រមព្រៀង សន្តិភាពក្នុងខែកុម្ភៈរបស់ពួកគេ។
មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បានមានប្រសាសន៍ថា មន្ត្រីចរចាបានជួបគ្នា នៅក្នុងទីក្រុងដូហា កាលពីល្ងាចថ្ងៃចន្ទ ជាមួយតំណាងពិសេស សហរដ្ឋអាមេរិក លោក Zalmay Khalilzad និងលោកឧត្តមសេនីយ៍ Scott Miller ដែលជាមេបញ្ជាការកំពូល ប្រចាំនៅអាហ្វហ្គានីស្ថាន ។
នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រ លោក Suhail Shaheen បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពួកគេបានពិភាក្សាគ្នាអំពីការអនុវត្ត ទាំងស្រុងនូវកិច្ចព្រមព្រៀង ក៏ដូចជាការពន្យារពេល ក្នុងដំណើរដោះលែងអ្នកទោស ហើយការរំលោភបំពានលើ កិច្ចព្រមព្រៀងនិងបញ្ហានានា និងមធ្យោបាយដោះស្រាយ ក៏ត្រូវបានលើកយក មកពិភាក្សាផងដែរ”៕
ប្រែសម្រួល៖ប៉ាង កុង