បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសា អាមេរិកបានប្រកាសថា ប្រទេសចិនប្រហែលជា បានធ្វើការតេស្តដ៏សម្ងាត់មួយ ក្នុងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្រោមដីដោយសម្ងាត់ បើទោះបីជាខ្លួនបានអះអាងថា បានសង្កេតមើលកតិកាសញ្ញាអន្តរជាតិ ហាមឃាត់ការផ្ទុះ បែបនេះក៏ដោយ។
សេចក្តីប្រកាសចោទប្រកាន់នេះ បានធ្វើឡើងដោយផ្ទាល់ ពីសំណាក់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ ហើយវាកំពុងបានបន្ថែមកំដៅ ទៅលើភាពតានតឹង រវាងប្រទេសទាំងពីរផងដែរ។ ការរកឃើញដំបូង ដែលត្រូវបានរាយការណ៍ ដោយកាសែត Wall Street Journal អាចធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងទៅ ៗ ហើយបូកបន្ថែម ទៅនឹងការចោទប្រកាន់ របស់សហរដ្ឋអាមេរិកថា ការរីករាលដាលនៃមេរោគកូវីដ១៩ គឺបណ្តាមកពីរដ្ឋាភិបាល ក្រុងប៉េកាំងផង។
របាយការណ៍ របស់ក្រសួងការបរទេសនេះ ក៏បានបន្តដែរ អំពីការព្រួយបារម្ភ របស់ប្រទេសអាមេរិក អំពីការរំលោភបំពានដោយ ទីក្រុងប៉េកាំង ចំពោះស្តង់ដារ ដែលមានឈ្មោះថា zero yield ដោយមានទាំងការបំផ្ទុះសាកល្បង និងសកម្មភាពផ្សេងផង នៅទីតាំង សាកល្បងនុយក្លេអ៊ែរLop Nurរបស់ប្រទេសចិន តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី