ភ្នំពេញ ៖ ប្រទេសកម្ពុជា ចាប់ផ្តើមត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ហើយក៏ត្រៀម ខ្លួនបន្ថែមទៀត ចូលរួមការប្រកួតកីឡា SEA GAMES ឆ្នាំ ២០២១ នៅប្រទេសវៀតណាម កាលនោះប្រទេសកម្ពុជា ប្រមូលបានមេដាយ សរុបចំនួន ៤៦ សម្រាប់ការបញ្ចប់ ក្នុងចំណាត់ថ្នាក់ល្អបំផុតលំដាប់ទី នៅក្នុងការប្រកួតកីឡា ក្នុងតំបន់ចាប់តាំង ពីបានចូលរួមម្តងទៀតក្នុងឆ្នាំ ១៩៩៥ ។ ដែលពេលនោះមានអត្តពលិកកម្ពុជា តិចតួចណាស់ ដែលបានចូលរួម ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាគណៈកម្មាធិការជាតិ រៀបចំ SEA GAMES ឆ្នាំ២០២៣(CAMSOC) ក្នុងជំនួប ជាមួយតំណាង សហព័ន្ធជាតិទាំងជាង៣០ បានចង្អុលបង្ហាញ ដល់អ្នកចូលរួមទាំងអស់ ត្រូវតែធ្វើការរួមគ្នា ដោយជិតស្និទ្ធ ដោយទុកនូវភាពអាក់អន់ចិត្ត រវាងគ្នានឹងគគ្នាមួយដុំ ដើម្បីធានានូវភាពជោគជ័យ នៃព្រឹត្តិការណ៍កីឡា ដែលជាព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំបំផុតរៀបចំ ឡើងដោយកម្ពុជា ។
លោកបានបន្តថា ពេលនេះយើងទាំងអស់គ្នាយល់ថា ជាពេលដែលយើងទាំងអស់គ្នាត្រូវទទួល ចំពោះប្រទេសជាតិ និងកេរ្តិ៍តំណែលរបស់យើងនៅ SEA GAMES ហេតុនេះសហព័ន្ធជាតិ ត្រូវតែហ៊ានលះបង់ក្នុងការកែទម្រង់ ។ កម្ពុជាបានបង្កើតអនុគណៈកម្មាធិការ ចំនួន១៥ដើម្បីជួយដោះស្រាយបញ្ហា ដែលទាក់ទងជាមួយស៊ីហ្គេមឆ្នាំ២០២៣ ។
កម្ពុជាគ្រោង នឹងចំណាយថវិកា ប្រមាណ៤០០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ SEA GAMES ឆ្នាំ ២០២៣ ។
សូមបញ្ជាក់ថា កម្ពុជាបានត្រៀម ខ្លួនធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាកម្រិត តំបន់ជាលើកទី១នេះ តាំងពីជិត ១០ឆ្នាំមុនមកម្ល៉េះ តាមរយៈការកសាងពហុកីឡដ្ឋាន មរតកតេជោ នៅជាយទីក្រុងភ្នំពេញ ដែលមានតម្លៃប្រមាណ១៦០លានដុល្លារ ដែលផ្ដល់មូលនិធិដោយប្រទេសចិន ។
កីឡា SEA GAMES បានបង្កើតឡើងនាឆ្នាំ១៩៥៩ ដែលដែលកាលនោះ មានឈ្មោះថា កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ហើយកម្ពុជា ក៏ជាស្ថាបនិកមួយដែរ ។ កាលនោះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនាឆ្នាំ១៩៦៣ តែដោយសារបញ្ហានយោបាយកម្ពុជា អាក់ខានក្នុការធ្វើជាម្ចាស់ផ្ទះ រហូតមកដល់ពេលនេះ ៕
ដោយ៖លី ភីលីព