កីឡា

លោកហែម គិរី ៖ សហព័ន្ធខកខាន រៀបចំការប្រកួត ព្រមទំាងត្រូវពន្យារពេល បើកវគ្គបណ្ដុះបណ្ដាល

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ក៏ដូចជាសហព័ន្ធកីឡាជាតិនានា ដែរត្រូវបានខកខាន និងលើកពេលព្រឹត្តិការណ៍ នៃការប្រកួតកីឡារបស់ខ្លួន សហព័ន្ធមួយចំនួនធំ ដោយសារតែមេរោគកូរ៉ូណា បានវាយប្រហារ មកលើប្រទេសកម្ពុជា ទើបធ្វើឲ្យរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡាប្រកាសពន្យារពេល ការប្រកួតកីឡាទំាំងអស់ ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សម្រាប់សហព័ន្ធរបស់លោក ក៏មិនខុសពីសហព័ន្ធនានាដែរ គឺសុទ្ធតែត្រូវរំខាន ដោយមេរោគកូរ៉ូណា ហើយលោកទទួលស្គាល់ថា សម្រាប់ឆ្នាំនេះសហព័ន្ធហែលទឹក មិនមានព្រឹត្តិការណ៍ នៅក្រៅប្រទេសច្រើននោះទេ តែសម្រាប់នៅក្នុងប្រទេស ព្រឹត្តិការណ៍ចំនួន២ មួយត្រូវបានខាកខាន និងមួយទៀតត្រូវបានពន្យារពេល ។

ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំមួយ ដែលគេប្រសិទ្ធិនាមថា ការប្រកួតហែលទឹក ដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែម ថុន ដែលតែងតែរៀបចំធ្វើឡើង នៅរាលខែកុម្ភៈរៀងរាល់ឆ្នាំនោះ ត្រូវបានខកខានប្រកួត ប្រសិនបើមេរោគកូរ៉ូណានេះ ឆាប់សាមរលាបទៅវិញ នោះលោកនឹងខិតខំរៀមចំ ឲ្យបាននៅក្នុងឆ្នាំនេះ ។

ព្រឹត្តិការណ៍មួយទៀត គឺវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ដែលលោកគ្រោងធ្វើរយៈពេល៥ថ្ងៃ ដែលគ្រោង នឹងចាប់ផ្ដើមពីខែឧសភា ទៅនោះក៏ត្រូវបានលើកពេល ។ ពេលនេះវគ្គនេះ លោកបង្ខំចិត្តលើកទៅធ្វើ នាខែសីហា ក្នុងឆ្នៃដដែលនេះតែប្រសិនបើការរាតត្បាត របស់កូរ៉ូណា នៅតែអូសបន្លាយនោះអ្វីៗ នឹងត្រូវប្រែប្រួលទៀត ជាមិនខាន ។
វគ្គនេះនឹងចំណាយដោយថវិការ របស់ក្រសួងអប់រំយុវជន និង កីឡា ចំពោះគ្រូឧទ្ទេសវិញនោះ លោកក៏គ្រោងនឹងអញ្ជើញ គ្រូមកពីសហព័ន្ធអន្តរជាតិ ។ ពាក់ព័ន្ធ នឹងការហ្វឹកហាត់វិញនោះ គឺពួកគេហ្វឹកហាត់ តាមផ្ទះដូចសហព័ន្ធនានាដែរ សម្រាប់អ្នកដែលមិនមែនរស់ នៅតំបន់ទន្លេ ព្រែក ឬស្ទឹងនោះពួកគេហាត់ នៅលើគោក ចំពោះពួកគេហាត់គ្រាន់តែដើម្បីរក្សាកម្លាំង និងរក្សាចលនាឲ្យបានតែប៉ុណ្ណោះ ។

ចំពោះអ្នកដែលរស់នៅ តាមតំបន់ ដែលមានស្ទឹង ទន្លេ ព្រែក នោះក្រៅពីហាត់ លើគោក គេមានទឹកសម្រាប់ អនុវត្តន៍ផ្ទាល់ ទោះជាយ៉ាងណាក៏ លោកទទួលស្គាល់ថា ការហ្វឹកហាត់បែបនេះ មិនសូវមានគុណភាពនោះទេ តែសហព័ន្ធ គ្មានការជ្រើសរើសណា ដែលល្អជាងនេះឡើយ ។

សហព័ន្ធ បានកំណត់ឲ្យគ្រូបង្វឹក ផ្ញើកម្មវិធីហ្វឹកហាត់ ដល់ពួកគេរាល់ថ្ងៃ ព្រមទាំងកំណត់ម៉ោង ហ្វឹកហាត់ហើយសហព័ន្ធ តាមដានកលារហ្វឹកហាត់ របស់ពួកគេតាមរយៈវីដេអូ ដោយសហព័ន្ធ កំណត់ពីពេលវេលា នៃការផ្ញើវីដេអូ ហ្វឹកហាត់នោះមក ។ លោកទទួលស្គាល់ថា សម្រាប់អ្នកស្មោះត្រង់ និងមានឆន្ទៈពិតប្រាកដនោះគេ នឹងហាត់តាមគ្រប់ការណែនាំរបស់គ្រូ តែលោកជឿថា អ្នកមានឆន្ទៈពិតប្រាកដ ដូចជាលំបាកបន្តិចហើយ ៕
ដោយ ៖ លី ភីលីព

Most Popular

To Top