ព្រឹត្តិការណ៍

ចិនប្រាប់អាមេរិក ឱ្យឈប់បន្ទោសខ្លួន រឿងវីរុសឆ្លង ហើយថា ខ្លួនមិនមែនជាពិរុទ្ធជន និងថែមទាំងជាជនរងគ្រោះដូចគ្នាដែរ

បរទេស៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិក បញ្ឈប់ការស្តីបន្ទោស ចំពោះការឆ្លងរាលដាលនៃវីរុសនេះ ដោយនិយាយថា ខ្លួនក៏ជាជនរងគ្រោះផងដែរ នៅពេលដែលសម្ពាធអន្តរជាតិ កើនឡើងលើទីក្រុងប៉េកាំង ជុំវិញការដោះស្រាយវិបត្តិរបស់ខ្លួន។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើករបស់អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuangថា សហគមន៍ពិភពលោក គួរតែធ្វើការជាមួយគ្នា ជំនួសឱ្យការស្តីបន្ទោស ឬទាមទារសំណង។

លោក Geng បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា “សហគមន៍អន្តរជាតិ អាចយកឈ្នះវីរុសបាន លុះត្រាតែវាអាចរក្សាសាមគ្គីភាព និងសហការគ្នាដើម្បីធ្វើការរួមគ្នា” ។ ការវាយប្រហារ និងការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសដទៃ គ្រាន់តែចំណាយពេលវេលា និងមិនអាចជួយសង្គ្រោះជីវិតបាត់បង់ បានឡើយ។

លោកបានបន្ថែមថា ប្រជាជនអាមេរិក គួរតែយល់ថា សត្រូវរបស់ពួកគេ គឺជាវីរុសមិនមែនចិនទេ។

ប្រទេសចិន ត្រូវបានវាយប្រហារដោយវីរុស ហើយក៏ជាជនរងគ្រោះនៃវីរុសដែរ។ យើងមិនមែនជាពិរុទ្ធជន និងអ្នកសមគំនិតនៃវីរុសនេះទេ” ។

ការកត់សម្គាល់របស់លោក Geng អ្នកនាំពាក្យ ក្រសួងការបរទេសចិននេះ បានកើតឡើងចំពេល មានការអំពាវនាវឱ្យស៊ើបអង្កេត ការដោះស្រាយរបស់ក្រុងប៉េកាំង ចំពោះការផ្ទុះឡើង នៅទីក្រុង វូហាន ភាគកណ្តាលប្រទេសចិន ដែលករណីដំបូងនៃវីរុសថ្មីផ្ទុះឡើង ដែលបានសម្លាប់មនុស្សជាង ១៦៥,០០០ នាក់ និងឆ្លងជាង ២,៤ លាននាក់នៅទូទាំងពិភពលោក ត្រូវបានរាយការណ៍ តាំងពីនៅក្នុងខែធ្នូ។

ក្រោយមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រាប់ ក្រុមអ្នកជំនាញរោគឆ្លងវីរុស កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងនិយាយ ជាមួយប្រទេសចិន អំពីការបញ្ជូនក្រុមជំនាញ ទៅប្រទេសដើម្បីស៊ើបអង្កេត៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top