MISSOURI៖ រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី ២១ ខែមេសា បានប្តឹងថ្នាក់ដឹកនាំប្រទេសចិន ជុំវិញការខូចខាត ដោយសារជំងឺកូវីដ – ១៩ ដែលខ្លួនពិពណ៌នាថា ជាការបោកប្រាស់ដោយចេតនា និងសកម្មភាពមិនគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការរាតត្បាត។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ពាក្យបណ្តឹងរបស់រដ្ឋដំបូងគេនេះ ធ្វើឡើងចំពេលមានការអំពាវនាវនៅក្នុងសភា ដើម្បីដាក់ទណ្ឌកម្មប្រទេសចិន និងយុទ្ធនាការមួយ របស់លោកប្រធានាធិបតីដូណាល់ត្រាំ ដើម្បីផ្តោតលើតួនាទី របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពេលមានការរិះគន់ ចំពោះការដោះស្រាយ របស់លោកផ្ទាល់ចំពោះវិបត្តិនេះ។
រដ្ឋ Missouri ដែលដឹកនាំ ដោយគណបក្សសាធារណរដ្ឋ របស់លោក ត្រាំ បានដាក់ពាក្យបណ្តឹង នៅតុលាការសហព័ន្ធ ដើម្បីស្វែងរកចំនួនទឹកប្រាក់ ដែលមិនបានបញ្ជាក់ពីការខូចខាត និងអធិបង្គាប់ ស្តីពីសកម្មភាពបន្ត របស់ប្រទេសចិន ដែលត្រូវបានចោទប្រកាន់ថា បានរួមបញ្ចូលការលួចស្តុកសម្ភារៈការពារ។
លោក Eric Schmitt អគ្គមេធាវីនៃរដ្ឋ Missouri បានមានប្រសាសន៍ថា “ រដ្ឋាភិបាលចិន បានកុហកពិភពលោក អំពីគ្រោះមហន្តរាយនិងធម្មជាតិ ដែលបង្កអន្តរាយ ដោយសារមេរោគកូវីដ -១៩ ដែលស្ងាត់ស្ងៀមនេះ ហើយមិនបានធ្វើអ្វីបន្តិចបន្តួច ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺនេះទេ” ។ លោកបន្តថា “ ពួកគេ (ចិន) ត្រូវតែទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ពួកគេ” ។
សូមជម្រាបថា ឱកាសនៃការទទួលបានជោគជ័យ នៃបណ្តឹងគឺនៅឆ្ងាយនៅឡើយ ខណៈដែលច្បាប់អាមេរិក ក្រោមគោលការណ៍ នៃអភ័យឯកសិទ្ធិអធិបតេយ្យ ជាទូទៅគឺបានហាមឃាត់ សកម្មភាពរបស់តុលាការ ក្នុងការប្រឆាំងនឹងរដ្ឋាភិបាលបរទេស។
រដ្ឋ Missouri បានដោះស្រាយបញ្ហានេះ ដោយប្តឹងទៅគណបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាច ដោយលើកហេតុផលថា បក្សនេះវាមិនមែន ជាសរីរាង្គផ្លូវការរបស់រដ្ឋចិនទេ៕ ប្រែសម្រួលៈ ណៃ តុលា