កីឡា

កាលបរិច្ឆេទថ្មីសម្រាប់ការ ប្រកួតបាល់ទះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿនមិនទាន់កំណត់

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំផែនបើកព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទះដណ្ដើមពានរង្វាន់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿនប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានោះ ក៏ត្រូវលើកពេលប្រកួតដោយសារតែការរំខាននៃ មេរោគកូរ៉ូណានេះដែរ ។

លោកបឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាទាំងអស់សុទ្ធតែត្រូវរំខានដោយសារមេរោគកូរ៉ូណា ហើយ នេះជាការរំខានជាសកលគឺមិនមែនតែប្រទេស កម្ពុជាម្នាក់ឯងទេដែលជួបវិបត្តិបែបនេះតែពិភពលោកទាំងមូល សុទ្ធជួបនូវវិបត្តិនេះដូចគ្នា ។

តាមការគ្រោងទុកការប្រកួតកីឡាបាល់ ទះដណ្ដើមពានរង្វាន់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន គ្រោងធ្វើនៅអម្លុងពាក់កណ្ដាលខែកុម្ភៈ ឬពាក់កណ្ដាលខែមីនា។ តែដោយសារពិភពលោកទាំងមូលជួបនូវរឿងអកុសលបែបនេះទើបកាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍នេះមិនទាន់ត្រូវបានកំណត់ជាថ្មីនូវឡើយទេ ។

លោកអគ្គលេខាធិការអះអាងថា ប្រសិនបើជម្ងឺនេះស្ងប់ស្ងាត់នោះព្រឹត្តិការណ៍នេះនឹងត្រូវបង្កើតឡើង វិញភ្លាម បើតាមការគ្រោងទុកព្រឹត្តិការណ៍នេះមានក្រុមចំនួន១០ដែលសុទ្ធតែជាក្រុមកំពូលនៅក្នុងប្រទេសកម្ពុជាចូលរួម ។ លោកអគ្គលេខាធិការត្អូញត្អែរថា សព្វថ្ងៃនេះមានតែក្រុមជម្រើសជាតិប៉ុណ្ណោះដែលហ្វឹកហាត់តាមផ្ទះក្រោមការពិនិត្យរបស់គ្រូបង្វឹក និង គ្រូជំនួយដែលជាអ្នកផ្ដលកម្មវិធីប្រចាំថ្ងៃឲ្យពួកគេហ្វឹកហាត់នោះ ចំពោះការហ្វឹកហាត់ទៀតសោតក៏មិនបានល្អដូចការហ្វឹកហាត់ជាក្រុមក្រោមការត្រួតពិនិត្យពីសំណាក់គ្រូបង្វឹកដែរ ។  

លោកបន្តថាការហ្វឹកហាត់ជាក្រុមក្រោមការពិនិត្យរបស់គ្រូបង្វឹកនោះពិតជារីកចម្រើនមែនព្រោះពួកគេមានការប្រឡងប្រជែងគ្នា ហើយតាមធម្មតានៅក្នុងថ្នាក់រៀនមួយគ្មានសិស្សរូបណាចង់ក្លាយជាសិស្សបាត់ថ្នាក់នោះទេហេតុនេះហើយទើបពួកគេប្រជែងគ្នានោះ ។ក្រៅពីក្រុមជម្រើសជាតិចំពោះបណ្ដាក្លិបនានាវិញនោះលោកបឹង គឹមតោបាននិយាយឲ្យដឹងថា  លោកគ្មានជំនឿចិត្តថាពួកគេហ្វឹកហាត់ឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top