ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋាន សាងសង់ អាងហែលទឹក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ជាក់ស្តែងនៅពេលនេះយើងបានធ្វើការស្តារអាងទឹកនេះឡើងវិញឲ្យស្របទៅតាមស្តង់ដារអន្តរជាតិថ្មីដែលមានបណ្តោយ ៥០ម៉ែត្រ ទទឹង ២៥ម៉ែត្រ ដែលមានខ្សែបន្ទាត់ចំនួន១០ ហើយចំពោះខាងលោតទឹកវិញគឺបានពង្រីក ២៥ម៉ែត្រX ២០ម៉ែត្រ ហើយការរៀបចំនេះដែរ គឺដើម្បីឲ្យកីឡាករ-កីឡាការរិនី មានទីតាំងហាត់បន្ថែមទៀតឲ្យមានភាពងាយស្រួលជាងមុន។ លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ការជួសជុសអាងទឹកនេះត្រូវប្រើប្រាស់ថវិការប្រហែល ២លានដុល្លារអាមេរិក ដោយមិនទាន់គិតទៅលើសម្ភារៈផ្សេងៗដែលត្រូវទិញដាក់បន្ថែមនៅកន្លែងហាត់ប្រាណនៅលើគោកនោះទេ ហើយចំពោះកន្លែងហាត់ប្រាណនៅលើគោកនេះដែល មានទទឹង១២ម៉ែត្រ និងបណ្តោយ ១៨ម៉ែត្រ ដែលដាក់សម្រាប់តែកីឡាករ-កីឡាការរិនីហែលទឹកតែប៉ុណ្ណោះ ដូចនេះត្រូវតែមានការហាត់នៅលើគោកបន្ថែមទៀត។
លោកបានបញ្ជាក់ទៀតថា ក្រៅពីនោះទៀត ក៏មានបន្ទប់ស្នាក់នៅសម្រាប់កីឡាករ-កីឡាការរិនី អាចស្នាក់នៅបាន និងមានរៀបចំជាកន្លែងទទួលទានអាហារត្រឹមត្រូវផងដែរ ពីព្រោះកីឡាករ-កីឡាការរិនី ហែលទឹក គឺពិតជាត្រូវការកម្លាំងខ្លាំងណាស់ ដើម្បីយកឈ្នះគួរប្រកួតរបស់ខ្លួន។ នៅប្រទេសគេកីឡាករ- កីឡាការរិនី ហែលទឹកនេះ គឺហាត់នៅលើគោក ច្រើនជាងហាត់នៅក្នុងទឹក ដែលការហាត់នៅលើគោក គឺសំដៅទៅដល់កន្លែងលើកសាច់ដុំនេះឯង។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះថវិការដែលចំនាយលើកការស្តារ អាងទឹកពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជានេះ គឺសុទ្ធតែជាជំនួយទាំងអស់ ដោយសហព័ន្ធកីឡាហែលទឹក បានសហការណ៍ជាមួយខាងផ្នែកឯកជន ហើយជាពិសេសនោះ គឺក្រុមហ៊ុន ឈៀងហៃ ខន់ត្រាក់សិន ដែលជាក្រុមហ៊ុនសាងសង់ផ្លូវច្រើននៅកម្ពុជា ហើយក៏ជាក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើន ក្នុងការក៏សាងអាងហែលទឹកអន្តរជាតិនៅទូទាំពិភពលោកផងដែរ ដូច្នេះហើយសហព័ន្ធកីឡាហែលទឹកក៏បានស្នើឱ្យក្រុមហ៊ុនជួយស្តារអាងទឹកនេះឡើង ហើយលោកនឹងសហការជាមួយផ្នែកឯកជនផ្សេងៗទៀត ដើម្បីស្នើថវិការមកទិញសម្ភារៈមួយចំនួន ដាក់នៅកន្លែងកន្លែងហាត់ប្រាណនៅលើគោកនេះតែម្តង។
ទន្ទឹមនឹងនេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនចិន ដែលបានស្តារអាងហែលទឹកនៅពហុកីឡាដ្ឋានជាតិអូឡាំពិកឡើងវិញ៕ដោយ៖លី ភីលីព