បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ នៅថ្ងៃសុក្រ បានធូរស្រាលចិត្តមួយកម្រិត ក្នុងពេលកិច្ចពិភាក្សា ជាមួយក្រសួងហិរញ្ញវត្ថុ លើប្រាក់កម្ចី គ្មានការប្រាក់ចំនួន ២៥ ពាន់លានបាត ទទួលបានផលវិជ្ជមាន។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ចេញ ផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គនាយកការិយាល័យគោល នយោបាយសារពើពន្ធ លោក Lavaron Sangsnit បាននិយាយបន្ទាប់ពីកិច្ចប្រជុំ ជាមួយក្រុមហ៊ុន អាកាសចរណ៍ចំនួន ៨ ថា ក្រសួងបានឯកភាពជាគោលការណ៍ ជាមួយនឹងវិធានការ សង្គ្រោះ ប៉ុន្តែត្រូវការព័ត៌មានលម្អិត បន្ថែមពីក្រុមហ៊ុនដឹកជញ្ជូន។
ក្រុមហ៊ុនដឹកអ្នកដំណើរទាំង ៨ គឺរួមមាន ក្រុមហ៊ុន អាកាសចរណ៍ Bangkok Airways , ក្រុមហ៊ុន Thai AirAsia , ក្រុមហ៊ុន Thai AirAsia X , ក្រុមហ៊ុន Thai Lion Air, ក្រុមហ៊ុន Thai Vietjet Air , ក្រុមហ៊ុន Thai Smile , ក្រុមហ៊ុន NokScoot និងក្រុមហ៊ុនអាកាសចរណ៍ Nok Airlines ។
ការចរចាដាច់ដោយឡែក មួយសម្រាប់រដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រសាច់ប្រាក់ងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ ដែលកំពុងមានទុក្ខព្រួយយ៉ាងខ្លាំង ក៏កំពុងដំណើរការផងដែរ ។
លោក Lavaron បាននិយាយថា ក្រសួងនឹងប្រើលទ្ធផល នៃកិច្ចពិភាក្សាថ្ងៃសុក្រ ជាមួយក្រុមហ៊ុន អាកាសចរណ៍ទាំង ៨ ក្នុងការពិភាក្សាបង្កើតគោល នយោបាយនៅពេលក្រោយ៕
ប្រែសម្រួលៈ ណៃ តុលា