បរទេស ៖ យានដឹកទំនិញរុស្ស៊ី Progress តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានបញ្ជូនគ្រឿងផ្គត់ផ្គង់ជាង៥.០០០ផោន ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ ដោយបាញ់បង្ហោះ ចេញពីស្ថានីយអវកាស Baikonur Cosmodrome ដែលស្ថិតនៅក្នុងប្រទេស កាហ្សាក់ស្ថាន ។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា យានអវកាសដឹកទំនិញ Progress 75 ដែលគ្មានមនុស្សបើកនេះ បានបញ្ជូនអាហារ និងគ្រឿងផ្គត់ផ្គង់ដទៃផ្សេងទៀត ទៅឲ្យអវកាសយានិក៣រូប នៅលើមន្ទីរពិសោធន៍លំហ នៅឯស្ថានីយអវកាស អន្តរជាតិ ដោយប្រើពេលតិចជាង៣,៥ម៉ោង ក្រោយវាត្រូវបាន បាញ់បង្ហោះចេញទៅ ។
គ្រឿងផ្គត់ផ្គង់ដល់បុគ្គលិក ការងារអវកាស ដែលបានបញ្ជូនទៅនោះ រួមមានវត្ថុក្រៀមចំនួន ២.៩៩៤ផោន ដូចជាចំណីអាហារនិងគ្រឿងបរិក្ខារប្រើប្រាស់ ចំណែកគ្រឿងផ្គត់ផ្គង់ផ្សេងទៀត រួមមានឧបករណ៍រុញច្រាន១.៥៤៣ផោន ឧកស៊ីសែន១១០ផោន និងទឹក៩២៦ផោន៕
ប្រែសម្រួល៖ប៉ាង កុង