កីឡា

លោកវ៉ាត់ ចំរើន បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់ SEA GAMES លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES លើកទី៣២ឆ្នាំ២០២៣ (CAMSOC) បានគូសបញ្ជាក់ឲ្យដឹងថា កាលពីពេ លថ្មីនេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC ក៏ដូចជាលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍CAMSOC បានសង្កត់ធ្ងន់ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ត្រៀម SEA GAMES នោះ ឲ្យបានចប់សព្វគ្រប់ នៅដំណាច់ឆ្នាំ២០២០នេះ។

លោក វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ចំពោះការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងដំណើរការសាងសង់ តាមធម្មតាមិនមានការផ្អាកនោះទេ ដោយមានកម្មករខ្មែរ២០០នាក់ និងកម្មករចិន២០០នាក់ដែរ ស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងល្អ មិនអនុញ្ញាតឲ្យចេញចូលនោះទេ។ ពេលនេះ ការសាងសង់កីឡដ្ឋានធំ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទនៃ SEA GAMES ២០២៣ គឺសម្រេចបានប្រមាណ ៨០ភាគរយនិយាយរួម តែសម្រាប់ផ្នែកសំណង់រឹង គឺត្រូវបានធ្វើសម្រេចបាន ១០០ភាគរយហើយ ដោយនៅសល់តែការបំពាក់ដំបូល កៅអី កញ្ចក់…និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលត្រូវបំពាក់ នៅខាងក្រោមអគារនៃកីឡដ្ឋាន ដែលមានផ្សារទំនើប សណ្ឋាគារ សាលហ្វឹកហាត់មួយចំនួនទៀត នៅខាងក្រោមនោះដែរ ។

ខាងភាគីចិនបានប្តេជ្ញាថា នឹងសាងសង់ឲ្យរួចរាល់ ជាស្ថាពរនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយចាប់ពីឆ្នាំ២០២១តទៅ យើងនឹងអាចប្រើប្រាស់នូវពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការហ្វឹកហាត់បន្សាំ ទៅនឹងទីលានទាំងនោះ។ លោកអគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា “ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ SEA GAMES យើងមិនព្រួយបារម្ភខ្លាំងទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភខ្លាំងនោះ គឺការកសាងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា។

ក្រោមការចង្អុលបង្ហាញ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ឲ្យប្រតិបត្តិករកីឡាសម្រួចគោលដៅ លើផ្នែកបច្ចេកទេសកីឡា របស់អត្តពលិកហើយ នៅដើមឆ្នាំ២០២០នេះ ប្រសិនបើគ្មានជំងឺកូវីដ-១៩ កម្ពុជាបានបញ្ជូនអត្តពលិក១១០នាក់ គ្រប់ប្រភេទកីឡាទាំងអស់ ទៅហ្វឹកហាត់នៅប្រទេសចិនរួចហើយ ។ ប៉ុន្តែឥឡូវនេះ មានភាពប្រែប្រួលថ្មីៗ ដែលកម្ពុជាគ្រោង នឹងត្រូវបញ្ជូនអត្តពលិក ១១០នាក់ទៅហ្វឹកហាត់ នៅប្រទេសចិនដដែល នាខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ ប្រសិនបើ ២ឬ៣ខែឆាប់ៗនេះ មានលក្ខណៈល្អប្រសើរ ហើយត្រូវតែអនុវត្តវិធានការ សុខាភិបាល១៤ថ្ងៃនៅកម្ពុជា និងបន្ត១៤ថ្ងៃនៅចិនទៀត ” ។

យ៉ាងណាលោកអគ្គលេខាធិការ CAMSOC បញ្ជាក់ថា ប្រសិនបើមិនអាចបញ្ជូន ក្នុងខែវិច្ឆិកា២០២០ គឺនឹងត្រូវបញ្ជូនទៅនាខែមីនា ឆ្នាំ២០២១ ដើម្បីគោលដៅដណ្តើមនូវមេដាយ ឲ្យបានច្រើននៅ SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដើម្បីជាសញ្ញាណល្អមួយ ឬជោគជ័យមួយជំហានទៀត ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា ៕ ដោយ៖លី ភីលីព

Most Popular

To Top