ព្រឹត្តិការណ៍

ទោះបីមេដឹកនាំកូរ៉េ ខាងជើងត្រូវប្តូរ ក៏អាមេរិក នៅតែរក្សាគោលការណ៍ ជំរុញការរំសាយអាវុធ នុយក្លេអ៊ែរ ក្នុងប្រទេសនេះដដែល

តូក្យូ៖ រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធថា លោកមិនមានព័ត៌មានអំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន នោះទេ ប៉ុន្តែថា សហរដ្ឋអាមេរិកនឹងជំរុញ ឱ្យមានការរំសាយអាវុធ នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដដែល ដោយមិនគិតពីការផ្លាស់ប្តូរមេដឹកនាំ នៅក្នុងប្រទេសនេះឡើយ។

យោងតាមសារព័ត៌មាន Kyodo ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកគីមបានឃ្លាតឆ្ងាយពីក្រសែភ្នែកសាធារណជន អស់រយៈពេលប្រហែលពីរសប្តាហ៍ ដែលជំរុញឱ្យមានការ សង្ស័យអំពីស្ថានភាព សុខភាពរបស់លោក និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអ្វី ដែលនឹងកើតឡើងជាមួយប្រទេស ដែលមានអាវុធនុយក្លេអ៊ែរមួយនេះ ក្នុងករណីនៃមរណភាពភ្លាមៗ នៃមេដឹកនាំតំណពូជជំនាន់ទីបី។

លោក Pompeo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅឯក្រសួងការបរទេសថា “ខ្ញុំមិនមានអ្វីដែលត្រូវបន្ថែម ទៅលើស្ថានភាពរបស់លោកប្រធានគីមទេ” ។

ប៉ុន្តែការកត់សម្គាល់ថា លោកបានជួបជាមួយប្អូនស្រី របស់លោកគីមជុងអ៊ុន គឺលោកស្រី គីមយូជុង ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ថា ជាអ្នកស្នងតំណែងបន្ត នៅពេលលោកធ្វើដំណើរកន្លងមក ។ លោក Pompeo បាននិយាយថា “ បេសកកម្មរបស់យើងគឺដូចគ្នា ដោយមិនគិតពីអ្វីដែលបានកើតឡើង នៅក្នុងប្រទេសកូរ៉េខាងជើង ដោយគោរពតាមការដឹកនាំ របស់ពួកគេ ហើយនោះគឺជាការរំសាយ អាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ពេញលេញរបស់កូរ៉េខាងជើង ។

នៅក្នុងបទសម្ភាសន៍ជា មួយសារព័ត៌មាន Fox News នៅថ្ងៃដដែលនោះ លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើល យ៉ាងដិតដល់នូវអ្វីដែលកំពុងកើតឡើង នៅប្រទេសកូរ៉េខាងជើង មិនត្រឹមតែទាក់ទងនឹងមេដឹកនាំប្រទេសនេះនោះទេ ប៉ុន្តែក៏ទាក់ទងនឹងបញ្ហាដូចជាមេរោគថ្មី និងលទ្ធភាពនៃការឆ្លងមេរោគផងដែរ៕
ប្រែសម្រួលៈ កុលាប ក្រហម

Most Popular

To Top