បរទេស៖នៅសប្តាហ៍នេះ អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហុងកុងបាន ដាក់បញ្ចូលនិងឲ្យដំណើរការសាកល្បង នូវឧបករណ៍ជំនួយដែលមាន លក្ខណៈជាមនុស្សយន្តដោយតម្រូវឲ្យអ្នកដំណើរ ដើរឆ្លងកាត់វាពេញមួយរាងកាយ ដើម្បីអាចសំអាតមេរោគ នានាជាពិសេសកូវីដ១៩តែម្តង។
កន្លងមកដើម្បីជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែងដើម្បីអាច កាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩អាកាសយានដ្ឋាន ក្រុងហុងកុងបានដំណើរ ការសាកល្បងនូវបច្ចេកវិទ្យាថ្មីៗមួយចំនួនមកហើយ។ លោកSteven Yiuអនុប្រធានផ្នែកទទួលបន្ទុកកិច្ចការងារសេវាកម្មនៃអាកាសយានដ្ឋាន បានបញ្ជាក់ថាការថែរក្សាសុវត្ថិភាព ក្នុងការឆ្លងវិរុសនេះចំពោះអ្នកដំណើរនិងបុគ្គលិករបស់ខ្លួនគឺជារឿងអទិភាពនិង ចាំបាច់បំផុតដែលត្រូវតែធ្វើ។
លោកStevenបានបន្តទៀតថា ចំពោះឧបករណ៍សំអាតមេរោគកូវីដ១៩ នេះមានឈ្មោះថាCleanTech។ វាត្រូវបានដាក់បញ្ឈរតាមចំណុច ជាច្រើនក្នុងអាកាសយានដ្ឋានហើយដំណើរការរបស់វាគឺមានភាពងាយស្រួលខ្លាំងបំផុត ដោយអ្នកដំណើរគ្រាន់តែចាំបាច់ដើរឆ្លងកាត់វិញ និងនៅនឹងមួយកន្លែងត្រឹមតែ៤០វិនាទី ប៉ុណ្ណោះដើម្បីសំអាតមេរោគដែលអាចជាប់ខ្លួន របស់ពួកគេបាន៕ ប្រែសម្រួល៖ ស៊ុនលី