ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES ២០ ២៣ បើកកិច្ចប្រជុំជាមួយ សហព័ន្ធកីឡាជាតិចំនួន១២ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់ នៅប្រទេសចិន រយៈពេលយូរនៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅប្រទេសចិន ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែបញ្ហាមេរោគកូរ៉ូណា នៅតែធូរស្រាល អាចទៅខែមីនា ឆ្នាំ២០២១វិញ ដើម្បីត្រៀមចូលរួមការ ប្រកួតកីឡាSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និង SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
លោកបានបន្តថា សហព័ន្ធកីឡាជាតិ ត្រូវពិចារណា ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីសម្រាប់បញ្ជូនទៅហ្វឹកហាត់ រយៈពេលយូរនេះ និងអត្តពលិកមានសក្តានុពល គឺមានឆន្ទៈក្នុងការហ្វឹកហាត់ក្រៅប្រទេសឲ្យបានច្បាស់លាស់។ ដោយមានកីឡាករ-កីឡាការិនីចំនួនធ្វើការហ្វឹកហាត់ បានត្រឹមពី៣ទៅ៤ខែ បែរជាសុំឈប់ហ្វឹកហាត់ សកម្មភាពបែបនេះនឹងធ្វើឲ្យបាត់បង់ ពេលវេលាដ៏មានតម្លៃហើយ ។
លោកអគ្គលេខាធិការ បានបន្ថែមទៀតថា សម្រាប់ការធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣ចេញថ្លៃសំបុត្រយន្តហោះ ចំណែកប្រាក់ហោប៉ៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣នឹងធ្វើការពិភាក្សា ជាមួយក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖លី ភីលីព