បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានប្រកាសនៅពេលថ្មីៗនេះ ថា ខ្លួននឹងបញ្ជូនក្រុមការងារឲ្យទៅប្រយុទ្ធប្រឆាំងការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា នៅក្នុងតំបន់ Krasnoyarsk លើទឹកដីស៊ីបេរី នេះបើតាមការផ្សាយ របស់កាសែត UPI។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា បទបញ្ជាឲ្យយោធារុស្ស៊ីចូលរួមជាមួយនេះ គឺចេញពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងប្រជុំតាមវីដេអូខលមួយ ជាមួយថ្នាក់ដឹកនាំតំបន់៨៥នាក់ ដោយលោកនិយាយថា ការសម្រេចចិត្តលើវិធានការបម្រាមគោចរនិងការដកការរឹតបន្តឹងជាបន្តបន្ទាប់ នឹងត្រូវបានធ្វើឡើង ដោយថ្នាក់ដឹកនាំតំបន់និងមិនមែនដោយរដ្ឋាភិបាលសហព័ន្ធនោះទេ។
គួរបញ្ជាក់ថា ក្រុមការងារយោធា ដែលមានបុគ្គលិការងារ២០០នាក់ បុគ្គលិកពេទ្យ៧៧នាក់ និងឧបករណ៍ផ្នែកបច្ចេកទេសចំនួន១០០ នឹងត្រូវបានបញ្ជូនតាមតំបន់ Krasnoyarsk ហើយក៏នឹងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្នមានគ្រែចំនួន១.០០០៕